(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះថា មន្ដ្រីនគរបាលពាក់ស័ក្តិ៤ ដែលលើកជើងធាក់មន្ដ្រីចរាចរណ៍ជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួនតាំងពីវេលាម៉ោងជាង៩ព្រឹកមិញមកម្ល៉េះ។
នាយឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា សម្រាប់មន្ដ្រីនគរបាលដែលប្រើអំពើហិង្សារូបនេះ នឹងត្រូវបញ្ជូនទៅកាន់តុលាការដើម្បីវិនិច្ឆ័យទោស នៅថ្ងៃស្អែក។ នាយឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ករណីនេះ យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន គឺដាច់ខាតចាត់វិធានការណ៍តាមផ្លូវច្បាប់ គ្មានការលើកលែងនោះឡើយ ហើយនឹងបញ្ជូនទៅកាន់តុលាការនៅថ្ងៃស្អែក»។
នាយឧត្តមសេនីយ៍បានបន្ថែមថា បន្ទាប់ពីវីដេអូនៃការប្រើអំពើហិង្សាទៅលើមន្ដ្រីចរាចរណ៍ជាប់កិច្ចសន្យារួចមក លោកបានបញ្ជាឲ្យសមត្ថកិច្ចជំនាញ ស្រាវជ្រាវហើយ ឈានទៅដល់ការឃាត់ខ្លួន មន្ដ្រីនគរបាលរូបនេះ ឈ្មោះ សៅ បញ្ញា អាយុ៣៣ឆ្នាំ ដែលបម្រើការងារនៅការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
មន្ដ្រីចរាចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ករណីប្រើអំពើហិង្សាពីសំណាក់នគរបាលពាក់ស័ក្តិ៤រូបនេះ បានកើតឡើង នៅស្ដុបត្រឡោកបែក ដោយនគរបាលរូបនេះ បានបើករថយន្ដម៉ាក Ford ពាក់ស្លាកលេខភ្នំពេញ 2AC-9099 ប៉ុន្ដែដោយខុសច្បាប់ចរាចរណ៍ ក៏ត្រូវបានក្រុមមន្ដ្រីជាប់កិច្ចសន្យានោះឃាត់ដើម្បីសួរនាំ។ ប៉ុន្ដែការអនុវត្តច្បាប់បែបនេះ ធ្វើឲ្យនគរបាលនោះខឹង រហូតចុះពីលើរថយន្ដទាញកអាវអូស ថែមទាំងធាក់ចំដើមទ្រូងមួយជើង ផ្ងាទៅក្រោយបើទោះបីជនរងគ្រោះ បានលត់ជង្គង់ និងលើកដៃគោរពក្នុងន័យបង្ហាញថា សុំទោសក៏ដោយនោះ។
មន្ដ្រីជាប់កិច្ចសន្យា ដែលរងការធាក់មួយជើងចំកណ្ដាលដើមទ្រូងនោះ ឈ្មោះ អឿន ចំណាន។
សូមបញ្ជាក់ថា វីដេអូមួយត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ចែកចាយបន្ដគ្នាយ៉ាងពេញទឹកពេញដី ដោយមានមន្ដ្រីនគរបាលម្នាក់ក្នុងឯកសណ្ឋានពាក់ស័ក្តិ៤ បានប្រើហិង្សាទៅលើមន្ដ្រីជាប់កិច្ចសន្យា (មន្ដ្រីចរាចរណ៍ នៃសាលារាជធានីភ្នំពេញ) ដោយលើកជើងធាក់ចំកណ្ដាលទ្រូង បណ្ដាលឲ្យផ្ងាក្រោយ ខណៈដែលមន្ដ្រីកិច្ចសន្យានោះកំពុងតែលត់ជង្គង់ និងលើកដៃគោរពទៅលើមន្រ្តី នគរបាលបង្ករូបនោះ។
សូមទស្សនាវីដេអូ នៅខាងក្រោមនេះ៖