(ភ្នំពេញ)៖ តាមរយៈការរក្សាបានស្ថិរភាពកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ៧ភាគរយក្នុងមួយឆ្នាំនោះ កម្ពុជាកំពុងមានការរីកចម្រើនគ្រប់វិស័យ ជាពិសេសការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។ កត្តានេះជំរុញឲ្យឱកាសការងារ និងតម្រូវការជ្រើសរើសបុគ្គលិកក្នុងវិស័យនេះកាន់តែកើនឡើង។ ជាក់ស្តែងក្រុមហ៊ុន Park Café កំពុងមានការពង្រីកបន្ថែមលើការវិនិយោគផ្នែកសេវាកម្មរបស់ខ្លួន ដែលតម្រូវឲ្យក្រុមហ៊ុននេះត្រូវការជ្រើសរើសបុគ្គលិកជាច្រើននាក់បន្ថែមទៀត។
តម្រូវការជ្រើសរើសនេះត្រូវបានបញ្ជាក់ឲ្យដឹងតាមរយៈកម្មវិធីកិច្ចសម្ភាសន៍ការងារប្រចាំថ្ងៃរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលក្រុមហ៊ុន Park Café នឹងនាំមកនូវឱកាសការងារជិត ១០០កន្លែង នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ខាងមុខ នេះចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ១១:៣០នាទីព្រឹក។
លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានលើកឡើងថា កិច្ចសម្ភាសន៍ការងារ បានរួមចំណែកជួយដល់និយោជកដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិក ឲ្យបានជួបអ្នកកំពុងស្វែងរកការងារធ្វើផ្ទាល់តែម្តង។ អ្នកដែលមានបំណងស្វែងរកការងារ គឺគ្រាន់តែកាន់ប្រវត្តិរូបសង្ខេបរបស់ខ្លួនមកចូលរួមប៉ុណ្ណោះ។
លោក ភារៈ បន្ថែមទៀតថា កម្មវិធីនេះ គឺជាផ្នែកមួយនៃយន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់សាធារណៈជន ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ ឬ អ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបានការងារកាន់តែងាយស្រួល ចំណេញពេលវេលា និងនៅមួយកន្លែង។
ជាមួយគ្នានោះ លោក ជា ពុទ្ធដាវ៉ាន់ ប្រធានគ្រប់គ្រងការបណ្តុះបណ្តាលនៅក្រុមហ៊ុន Park Café លើកឡើងថា «តម្រូវការជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុនយើងលើកនេះមានចំនួន ៩១នាក់។ ចំនួននេះ យើងនឹងធ្វើការសម្ភាសនៅ NEA ផ្ទាល់តែម្តង មានន័យថាអ្នកដែលបានចូលរួមសម្ភាសជាមួយក្រុមហ៊ុនពេលនេះ គឺដឹងលទ្ធផលភ្លាមៗបន្ទាប់ពីពួកគាត់សម្ភាសចប់»។
យោងសេចក្តីអំពាវនាវពីមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ អ្នកស្វែងរកការងារ ក៏ដូចជាសិស្ស-និស្សិត ដែលមានបំណងចង់ទទួលបានការងារពីក្រុមហ៊ុន Park Café នៅក្នុងកម្មវិធីនេះ គួររៀបចំប្រវត្ដិរូបសង្ខេបជាមុន ដើម្បីយកមកដាក់សម្ភាសដោយផ្ទាល់ជាមួយក្រុមហ៊ុនតែម្ដង និងត្រូវរៀបចំខ្លួនយ៉ាងណាឲ្យបានល្អនៅអំឡុងពេលចូលសម្ភាសការងារ និងគួរតែសិក្សាស្វែងយល់ពីក្រុមហ៊ុននីមួយៗ ឲ្យបានច្បាស់លាស់ជាមុន ដើម្បីបានដឹងពីប្រភពព័ត៌មានរបស់ក្រុមហ៊ុន និងងាយស្រួលក្នុងការឆ្លើយសំណួរនៅពេលសម្ភាសការងារ។
យ៉ាងណាក៏ដោយ លោក ដាវ៉ាន់ រៀបរាប់ថាក្រោយពេលដែលក្រុមហ៊ុនលោកបានសហការជាមួយ NEA បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ក្រុមហ៊ុន គឺចំណេញទាំងពេលវេលា និងថវិកាច្រើន។ ការផ្សព្វផ្សាយតាមរយៈ NEA គឺទទួលបានលទ្ធផលល្អ ហើយបុគ្គលិកដែលទទួលបានពីការធ្វើសម្ភាសនៅ NEA ទៀតសោតក៏សុទ្ធសឹងតែមានសមត្ថភាពល្អ។ ជាក់ស្តែងក្រុមហ៊ុនរបស់លោកមានបុគ្គលិកចំនួន៣៥០នាក់ ក្នុងចំណោមនោះមានបុគ្គលិកប្រមាណជា១០ភាគរយត្រូវបានជ្រើសរើសតាមរយៈ NEA ក្នុងវេទិកាការងារចំនួន២លើកកន្លងមក និងត្រៀមជ្រើសរើសជាលើកទី៣ នៅថ្ងៃទី១១ ខែមករាខាងមុខនេះ ហើយក្រុមហ៊ុននឹងបន្តកិច្ចសហការជាមួយនឹង NEA បន្តទៀត។
ទីភ្នាក់ជាតិមុខរបរ និងការងារ ជាទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលដែលមានតួនាទីភារកិច្ចក្នុងការផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារទូលំទូលាយជាងគេនៅព្រះរាជាណាចក្រកម្ពុជា។
ទីភ្នាក់ងារនេះត្រូវបានបង្កើតឡើងក្នុងទម្រង់ជាទីភ្នាក់ងារប្រតិបត្តិការពិសេសក្នុងឆ្នាំ២០០៩ ស្ថិតនៅក្រោមគណៈកម្មាធិការជាតិបណ្តុះបណ្តាល និងមានស្នាក់ការកណ្តាលនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ទីភ្នាក់ងារនេះ កំពុងផ្តល់សេវាការងារដោយឥតគិតកម្រៃជូនដល់សាធារណៈជនទូទៅ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ទំព័រ facebookneakhmer ឬគេហទំព័រ www.nea.gov.khនិងមជ្ឈមណ្ឌលការងារដែលជាអ្នកផ្តល់សេវាជួរមុខនៅតាមរាជធានី-ខេត្តចំនួន១១រួមមាន៖ រាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប កំពត ស្វាយរៀង តាកែវ កំពង់ចាម កំពង់ធំ ព្រៃវែង បន្ទាយមានជ័យ និងព្រះសីហនុ៕