(ព្រៃវែង)៖ ក្នុងពិធីអបអរសាទរខួប៣៩ឆ្នាំ នៃទិវាជ័យជម្នះ៧ មករា ដែលជាថ្ងៃរំដោះជីវិតប្រជាពលរដ្ឋខ្មែរចេញរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះ លោក ស្ដើង សុខុម អនុប្រធានទី១ក្រុមការងារចុះជួយស្រុកកំចាយមារ បានថ្លែងបង្ហាញពីគុណសម្បត្តិយ៉ាងច្រើនរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងដំណើររំដោះអាយុជីវិតប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិពីគនរផេះផង់នៃភ្លើងសង្គ្រាម។
នៅចំពោះមុខប្រជាពលរដ្ឋប្រមាណ ៣០០នាក់ លោក ស្តើង សុខុម បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា នៅតែជាអង្គនយោបាយដែលចូលរួមបម្រើរាស្ត្រ ជួយរាស្ត្រ និងដោះស្រាយគ្រប់បញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរ។
លោក ស្ដើង សុខុម ដែលមានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ដែរនោះ បានលើកបង្ហាញនូវទិដ្ឋភាពជាច្រើននៃជីវិតរស់នៅរបស់ប្រជាពលរដ្ឋខ្មែរក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លោកថា ប្រជាជនកម្ពុជារងទុក្ខវេទនាគ្រប់បែបយ៉ាង អត់អាហារ ការកាប់សម្លាប់ ការនិរាសព្រាត់ប្រាស់ ហើយប្រសិនបើគ្មានថ្ងៃ៧មករាទេនោះ ក៏មិនមានឱកាសដូចសព្វថ្ងៃនេះដែរ។
លោកបានថ្លែងយ៉ាងដូច្នេះ «សច្ចភាពប្រវត្តិសាស្ត្រ មិនអាចមានបុគ្គលមកកាឡៃបានឡើយ ហើយមិនអាចបំភ្លេចគុណបំណាច់របស់ឥស្សរជនសំខាន់ៗរបស់កម្ពុជា តួយ៉ាងដូចជាសម្ដេចអគ្គធម្មពោធិសាល ជា ស៊ីម ធ្លាប់បានខិតខំប្រឹងប្រែងសម្រាប់ទឹកដីខេត្តព្រៃវែងបានទេ។ ប្រសិនបើគ្មានសន្តិភាពទេនោះ ប្រជាពលរដ្ឋមិនអាចរស់នៅក្នុងសេចក្ដីនោះទេ មានតែគំរាមកំហែងអាយុជីវិត គ្មានពេលវេលា ប្រកបរបរទទួលទាន ឬធ្វើដំណើរទៅកាន់ទីជិតឆ្ងាយបានទេ»។
លោកបន្ថែមថា «ទោះបីជាយ៉ាងណា គណបក្សប្រជាជនកម្ពុជា នៅតែជាអង្គនយោបាយដែលចូលរួមបម្រើរាស្ត្រ ជួយរាស្ត្រ ដោះស្រាយគ្រប់បញ្ហាលំបាកទាំងឡាយ។ ជាក់ស្ដែងថ្មីៗនេះ ថ្នាក់ដឹកនាំគណបក្សប្រជាជន ក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន កំពុងតែប្រឹងប្រែងដោះស្រាយបញ្ហា បំពេញតម្រូវការរបស់កូនក្មួយកម្មករកម្មការនីទាំងក្នុងប្រព័ន្ធ ការផ្ដល់កញ្ចប់អត្ថប្រយោជន៍ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាននាពេលកន្លងមក។ សម្ដេចក្រឡាហោម ស ខេង ក៏បានខិតខំទាក់ទាញរោងចក្រមកដាក់នៅស្រុកកំចាយមារនេះ»។
អនុប្រធានក្រុមការងារចុះជួយស្រុកកំចាយមារ តំណាងឲ្យលោក ស ថេង បានរំលឹកប្រជាពលរដ្ឋដែរថា ស្មារតីថ្ងៃ៧ មករា នៅតែដក់ជាប់ក្នុងចិត្តរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ជាពិសេសឥស្សរជនឆ្នើមរបស់កម្ពុជា ដែលបានខិតខំស្ដារប្រទេសអភិវឌ្ឍន៍ប្រទេសពីបាតដៃទទេ រហូតមានសមិទ្ធផលគ្រប់បែបយ៉ាងនាពេលបច្ចុប្បន្ន។
លោកបន្តថា កម្ពុជាបានប្រែក្លាយពីប្រទេសឯកោ ក្លាយជាប្រទេសពោរពេញដោយកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងថ្នាក់ពិភពលោក ហើយមានការអត្រាកំណើនសេដ្ឋកិច្ចជុំវិញ៧ភាគរយក្នុង១ឆ្នាំ ដោយបានប្រែក្លាយពីប្រទេសមានប្រាក់ចំណូលទាប មកជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទា និងកំពុងប្រែក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
«ប្រទេសកម្ពុជាបច្ចុប្បន្ន បានរីកចម្រើនលើគ្រប់វិស័យ ការកសាងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់រួមមានស្ពាន ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស បំពេញអោយតម្រូវការសេដ្ឋកិច្ច និងការបើកចំហរជើងមេឃជម្រុញលើកទឹកចិត្តដល់អ្នកវិនិយោគបរទេសមកបណ្ដាក់ទុននៅកម្ពុជាកាន់តែច្រើន ផ្ដល់ការងារសម្រាប់ប្រជាពលរដ្ឋ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ស្តើង សុខុម។
សូមបញ្ជាក់ថា រហូតមកដល់ពេលមានរយៈពេល៣៩ឆ្នាំហើយ នៃការដួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើអោយប្រជាពលរដ្ឋបានសុខសន្តិភាព រស់នៅដោយស្មើភាព និងមានការរីកចម្រើនផ្នែកជីវភាពពីមួយដំណាក់កាលទៅមួយដំណាក់ក្រោមការងារដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ កម្ពុជាមានសុទិដ្ឋិនិយមថា នឹងបន្តរីកចម្រើនជាបន្តបន្ទាប់ទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕