(ភ្នំពេញ)៖ លោកបណ្ឌិតសេដ្ឋកិច្ច សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាឧត្តមមន្រ្តីកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានពន្យល់ថា ការរៀបចំព្រឹត្តិការណ៍មេគង្គ-ឡានឆាង នៅកម្ពុជាពេលនេះ នឹងធ្វើឱ្យប្រទេសកម្ពុជាចំណេញច្រើនជាងខាត ដោយសារតែព្រឹត្តិការណ៍នេះមានគោលដៅ កាត់បន្ថយគម្លាតអភិវឌ្ឍរវាងអាស៊ានចាស់ និងអាស៊ានថ្មី។
សន្និសីទកាសែតនៅក្រសួងការបរទេស នៅរសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ លោក សុក ស៊ីផាន់ណា បានពន្យល់ថា ប្រទេសអាស៊ានថ្មី ឬអាស៊ានដីគោក ដូចជាកម្ពុជា ឡាវ មីយ៉ាន់ម៉ាជាដើម មានការកម្រិតអភិវឌ្ឍទាប បើធៀបនឹងប្រទេសអាស៊ានចាស់មួយចំនួនដូចជា ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ីជាដើម ដែលទាមទារឱ្យមានការពង្រឹងសេដ្ឋកិច្ចបន្ថែមទៀត។
លោក សុក ស៊ីផាន់ណា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្រាប់ប្រទេសអាស៊ានដីគោក គឺយើងមានលទ្ធភាពមួយ នៅពេលដែលយើងចាប់ដៃគូ ក្នុងមេគង្គ-ឡានឆាង គឺពង្រឹងសមត្ថភាពផលិតកម្ម ឧស្សាហកម្មរបស់យើង ដើម្បីធ្វើយ៉ាងម៉េចកាត់បន្ថយគម្លាតអភិវឌ្ឍជាមួយអាស៊ានចាស់ ដែលគម្រិតគាត់អភិវឌ្ឍខ្ពស់ជាងយើង»។
លោកបានបន្តទៀតថា «យន្តការមេគង្គ-ឡានឆាងនេះ នឹងពង្រឹងសេដ្ឋកិច្ចប្រទេសអាស៊ានក្រោយ។ ពេលពង្រឹងសេដ្ឋកិច្ចបាន និងពង្រឹងអាស៊ានដូច្នេះដែរ។...នៅពេលដែលប្រទេសយើង បូកនឹងប្រទេស៤ទៀតគាត់ជឿនលឿន មានន័យថា គម្លាតអភិវឌ្ឍរវាងអាស៊ានទាំង១០វាកាន់តែតិចទៀត ហ្នឹងហើយដែលជួយឱ្យអាស៊ានយើងរឹងមាំ»។
សម្រាប់លោក សុក ស៊ីផាន់ណា ក្រោយបញ្ចប់កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងនៅកម្ពុជានេះ នឹងមានសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលសង្កត់ទៅលើសសរស្តម្ភទាំង៣ ក្នុងនោះរួមមាន៖ ១៖ កិច្ចសហប្រតិបត្តិការនយោបាយ និងសន្តិសុខ, ២៖ កិច្ចសហប្រតិបត្តិការខាងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទុន ហេដ្ឋរចនាសម្ព័ន្ធ, ៣៖ កិច្ចសហប្រតិបត្តិការសង្គម និងវប្បធម៌ ក្នុងនោះមានទាំងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងទាំង៦មានសាសនាដូចគ្នា។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងធ្វើឡើងនៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ ក្រោមមូលបទ «ទន្លេរបស់ យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។ ថ្នាក់ដឹកនាំប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង នឹងពិភាក្សាលើបញ្ហាសំខាន់ៗ ដើម្បីអភិវឌ្ឍន៍អនុតំបន់ទន្លេមេគង្គ ផ្តោតជាសំខាន់ទៅលើការតាំងចិត្ត ក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៃអនុតំបន់ទន្លេមេគង្គ។
កិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២នេះ ក៏នឹងពិភាក្សាផ្តោតសំខាន់ដល់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមរបស់ប្រទេសអនុតំបន់ ការធ្វើឲ្យប្រសើរឡើងសុខុមាលភាពប្រជាជន ការបំព្រួញគំលាតអភិវឌ្ឍន៍ ក្នុងចំណោមប្រទេស ដើម្បីគាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងការជំរុញកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដើម្បីរួមចំណែក បន្ថែមទៀតដល់ការអនុវត្ត របៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព។
ឯកសារសំខាន់ៗចំនួន៤ ត្រូវបានគេរំពឹងថា នឹងសម្រេចបាននៅក្នុងកិច្ចប្រជុំនេះ រួមមាន៖
១៖ សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញនៃកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២
២៖ ផែនការសកម្មភាពប្រាំឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២)
៣៖ បញ្ជីគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងដំណាក់កាលទី២
៤៖ របាយការណ៍ស្តីពីវឌ្ឍនភាពរបស់ក្រុមការងាររួមតាមវិស័យអាទិភាពទាំង៦៕