(ភ្នំពេញ)៖ ដោយអនុវត្ដទៅតាមយុទ្ធនាការស្ដាលូរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានដឹកនាំក្រុមការងារ ចាប់ផ្ដើមអនុវត្ដស្តាលូ នៅផ្លូវចំនួនពីរខ្សែ គឺតាមបណ្តោយផ្លូវកម្ពុជាក្រោម និងផ្លូវផ្សារមាន់អាំង ចំណែកខណ្ឌចំនួន៣ផ្សេងទៀត ដែលជាខណ្ឌនៅចំកណ្តាល រាជធានីភ្នំពេញនោះ នឹងចាប់ផ្តើមអនុវត្តបន្ដបន្ទាប់។

លោកអភិបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី៩ ខែមករានេះ នៅទឹកដីខណ្ឌទួលគោក បានចាប់ផ្តើមស្តាលូ នៅផ្លូវចំនួនពីរខ្សែ គឺតាមបណ្តោយផ្លូវកម្ពុជាក្រោម និងផ្លូវផ្សារ មាន់អាំង ដោយឲ្យមន្រ្តីជំនាញខណ្ឌ ចុះសហការជាមួយមន្រ្តីជំនាញស្តាលូ របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូន។

លោក ឯក ឃុនដឿន បានបញ្ជាក់ថា នៅទី១០ ខែមករា ឆ្នាំ២០១៨ស្អែកនេះ មន្រ្តីរបស់ខណ្ឌទួលគោកទាំងអស់ នឹងចុះតាមគោលដៅ ដែលបានកំណត់ដើម្បីធ្វើការស្តាលូ ឲ្យបានរួចរាល់មុន រដូវវស្សាមកដល់។ លោកថា «យុទ្ធនាការស្តាលូ និងប្រឡាយ គឺអនុវត្តទៅតាមគម្រោង ផែនការរបស់អភិបាលរាជធានីភ្នំពេញ»។ លោក ឃួង ស្រេង បានដាក់ចេញកាលពីពេលថ្មីៗ កន្លងទៅនេះ ធ្វើយ៉ាងម៉េចដើម្បីដោះស្រាយ បញ្ហាទឹកដែលកន្លងមក មានការជន់លិចដោយជំនន់ទឹកភ្លៀង។

លោក កេ ប៊ុននាង ប្រធានក្រុមទី៤ ក្រុមការងារស្តាលូ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា «ថ្ងៃនេះ មន្រ្តីជំនាញធ្វើការស្តាលូ ផ្លូវចំនួន២ខ្សែ ក្នុងខណ្ឌទួលគោក ដោយមានផ្លូវកម្ពុជាក្រោម ចាប់ពីគល់ស្ពាន៧មករា ទៅដល់ផ្លូវព្រះមុន្នីវង្ស ចំណែកផ្លូវទី២ គឺផ្លូវផ្សារមាន់អាំង ពីផ្លូវលេខ៥៩៨ ទៅដល់ផ្សារទីខេ»។

លោកបន្តថា ស្ថានភាពលូបច្ចុប្បន្នឃើញថា នៅចំណុចខ្លះមានដី និងកាកសំណល់ ស្ទះពេញលូតែម្តង និងចំណុចខ្លះទៀត គឺមានដី និងកាកសំណល់ ពាក់កណ្តាលលូ។ ទាក់ទិនទៅនឹង ការស្តាលូនេះ លោកថា គឺមានរថយន្តសំរាប់ដឹកកាកសំណល់ចេញដែរ ដោយយកកាកសំណល់ក្នុងលូ ច្រកចូលបាវ រួចដឹកចេញ គឺមិនបានដាក់ដី ឬកាកសំណល់នៅក្បែរមាត់លូទេ។

យុទ្ធនាការស្តាលូនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីពេលកន្លងទៅថា រដ្ឋបាលសាលារាជធានីភ្នំពេញ គឺប្រគល់ភារៈកិច្ច ជូនទៅរដ្ឋបាលខណ្ឌទាំង៤ខាងលើ ដោយអនុវត្តតាមវិមជ្ជកាថ្នាក់ក្រោមជាតិ គឺប្រគល់សិទ្ធិ និងប្រគល់ថវិកាឲ្យទៅខណ្ឌ ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ ក៏មិនប្រលែងដៃចោលនោះទេ គឺនៅតាមដាន និងផ្តល់បច្ចេកទេស ឬថវិកាបន្ថែមប្រសិន បើមានការខ្វះខាត។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹងជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងថា ចំពោះការស្តាលូជាង៤៦០គីឡូម៉ែត្រនេះ សំរាប់ខណ្ឌទាំង៤នេះ គឺសរុបមានចំនួន៦៤ខ្សែ គឺខណ្ឌដូនពេញ មានប្រវែង២៤,៣៩០ម៉ែត្រ, ខណ្ឌចំការមន មានប្រវែង២៨,០៦៨ម៉ែត្រ, ខណ្ឌទួលគោកមានប្រវែង២៨,៨១៩ម៉ែត្រ និងខណ្ឌ៧មករា មានប្រវែង២០,៨១៤ម៉ែត្រ។

លោក បានបញ្ជាក់ឲ្យដឹងថា ចំពោះការស្តាលូទាំង៦៤ខ្សែនេះ គឺប្រើប្រាស់មធ្យោបាយស្តាលូ គឺមានរថយន្តសំរាប់បូមទឹកចំនួន៤គ្រឿង រថយន្តបាញ់ទឹកបំបែកដីភក់ចំនួន៤គ្រឿង រថយន្តដឹកដី ចំនួន៤គ្រឿង និងកម្មករចំនួន៥០នាក់។ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ដោយប្រើរយៈពេល៧ខែ ឲ្យរួចរាល់ទូទាំង៤ខណ្ឌ៕