(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សឿ សុថា អនុប្រធាននាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ក្រោមការសម្របសម្រួលដោយពីលោក អ៊ូ ផាត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបទីតាំងធ្វើអត្តសញ្ញាណបណ្ណ និងឯកសារសាធារណៈក្លែងក្លាយ១កន្លែង មានស្លាកយីហោ «ប៊ុន ធី ថតរូបល្អពេញចិត្ត» នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ត្រី សម សាមួន បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨នេះ នៅក្នុងប្រត្តិបត្តិការ កម្លាំងបានឃាត់ខ្លួនមុខសញ្ញាចំនួន២នាក់ប្រុស និងដកហូតវត្ថុតាងមាន ម៉ាស៊ីនព្រីន៣គ្រឿង, ម៉ាស៊ីនអ៊ុតកាត១គ្រឿង, ម៉ាស៊ីនកាត់ពុម្ភ ១គ្រឿង, CPU២គ្រឿង, ម៉ូនីទ័រ១គ្រឿង, សម្ភារ និងឯកសារក្លែងក្លាយមួយចំនួនធំផ្សេងទៀត។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងសួរនាំដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការកាត់ការតាមនីតិវិធីច្បាប់៕