(កណ្តាល)៖ លោកស្រី ឃួន សុដារី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិកាកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្រ្តៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកលើកដែក បានថ្លែងថា ថ្ងៃជ័យជម្នះ៧មករា បានជំរុញឲ្យកម្ពុជា ពីគ្មានអ្វីសោះ មកការអភិវឌ្ឍន៍លើគ្រប់វិស័យ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ដែលនេះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។
លោកស្រី ឃួន សុដារី បានថ្លែងក្នុងឱកាសប្រារព្ធពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ នៃទិវាជ័យជន្នះ (៧មករា ១៩៧៩-៧មករា ២០១៨) នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកលើកដែក ខេត្ដកណ្ដាលថា ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ៧ មករា ១៩៧៩ គឺជាបើកឡើងវិញនូវទំព័រសករាជថ្មីនៃឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ដោយសារការពលី និងលះបង់ជីវិតការពារទឹកដី និងសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា របស់គណបក្សប្រជាជនកម្ពុជាមួយគត់ ដែលដឹកនាំដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងអ្នកតស៊ូជាច្រើនទៀត ។
ក្រោយពេលបញ្ចប់សង្រ្គាមទាំងស្រុងនាពេលនោះ គឺបានផ្តល់ឱកាសពេញលេញដល់កម្ពុជាកសាង និងអភិវឌ្ឍន៍ប្រទេសមានការចម្រើនលូតលាស់ជាបន្តបន្ទាប់។ នៅក្រោមម្លប់សន្តិភាព កម្ពុជាសេដ្ឋកិច្ចកម្ពុជា កាន់តែរីកលូតលាស់ ក្នុងនោះគឺទំហំពាណិជ្ជកម្ម និងទំហំវិនិយោគពីបរទេសកាន់តែច្រើនឡើង ដែលធ្វើអោយកម្ពុជាអាចរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%។ សមិទ្ធផលជាតិជាច្រើនត្រូវកើតឡើងនៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកស្រីបន្ដថា «បច្ចុប្បន្ន កម្ពុជាបានរើខ្លួនចេញរួចផុតពីប្រទេសក្រីក្រ ប្រទេសគ្មានអ្វីសោះ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប ព្រមទាំងកំពុងប្រឹងប្រែងអភិវឌ្ឍន៍ ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ កម្ពុជា ក៏កំពុងកសាងកិត្យានុភាពលើឆាកអន្តរជាតិ តាមគោលនយោបាយការបរទេសរបស់ខ្លួន ឲ្យល្បីរន្ទឺផងដែរ។ ទន្ទឹមនឹងនេះ កម្ពុជាកំពុងប្រែក្លាយ ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មទាំងស្រុង ទៅជាប្រទេសដែលពឹងផ្អែក ទៅលើវិស័យឧស្សាហកម្ម និងសេវាកម្ម។ នៅឆ្នាំ២០១៨នេះ កម្ពុជាកំពុងដាក់ចេញនូវគោលនយោបាយគាំពារសង្គម ក្នុងការផ្តល់សេវាថែទាំសេវាសុខភាពសាធារណៈ ជូនដល់មន្ត្រីរាជការ កម្មករ កម្មការនី និងផែនការអភិវឌ្ឍជាច្រើនទៀត»។
លោកស្រីក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ រួបរួមគ្នាថែរក្សាសន្តិភាព ពង្រឹងឯកភាពជាតិខ្មែរ និងរួមគ្នាថែរក្សាសមិទ្ធផលជាតិអោយបានគង់វង្ស ដើម្បីជាប្រយោជន៍ជាតិគ្រប់ជំនាន់។
លោកស្រីក៏បានបង្ហាញនូវស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវិរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា៕