(ពោធិ៍សាត់)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះ បានដឹកនាំ សមាជិកគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប រួមជាមួយអភិបាល អភិបាលរងនៃគណៈអភិបាលខេត្តជុំវិញបឹងទន្លេសាប ជិះឧទ្ធម្ភាគចក្រហោះត្រួតពិនិត្យ និងវាយតម្លៃបទល្មើសនេសាទតាមដងទន្លេ និងបឹងទន្លេសាប។
លោក អេង ជាសាន ប្រធានរដ្ឋបាលជលផល ដែលបានហោះត្រួតពិនិត្យបទល្មើសនេសាទនេះផងដែរនោះ បានឲ្យដឹងថា បទល្មើសនេ សាទដែលប្រើឧបករណ៍លប ណរ៉ាវ មាននៅសល់មួយចំនួនតូច ស្ថិតនៅក្នុងតំបន់កដប ក្នុងខេត្តកំពង់ធំ ពោធិ៍សាត់ និងកំពង់ឆ្នាំង។
លោក អេង ជាសាន បានបញ្ជាក់ទៀតថា ប្រតិបត្តការសំអាតបទល្មើសនឹងធ្វើបន្តរហូត។
លោក អេង ជាសាន បានឲ្យដឹងថា ការបង្រ្កាបបទល្មើសក្នុងឆ្នាំ២០១៧ បានកើតមាន ៣,៩២៥ករណី កើនជាងឆ្នាំទៅ ២៧៥ករណី ក្នុងនោះ ៣៧ករណីនៅសមុទ្រ។ ឧបករណ៍ល្មើស ដែលរឹបអូស និងបំផ្លាញចោលក្នុងឆ្នាំ២០១៧រួមមាន៖ របាំងសាច់អួន និងស្បៃមុង ១,៦១៩,៤៤០ម៉ែត្រ, សម្រាស់ទំហំ ៣៧,៧២០ម៉ែត្រការ៉េ, ឧបករណ៍ឆក់ត្រី ៥២៧គ្រឿង, អួន អូស ឬ អូនហ៊ុម ១២៥វង់, បញ្ជូនសំណុំរឿងទៅតុលាការ ៨៦ករណី ក្នុងនោះបានជាប់ពន្ធនាគារចំនួន ៥៦នាក់ និងពិន័យអន្តរការណ៍ចំនួន ១០៦ករណី ស្មើនឹងទឹកប្រាក់សរុប ២៣០,៦៦៥,០០០រៀល។
យោងតាមរបាយការណ៍របស់រដ្ឋបាលជលផលបានឲ្យដឹងថា ផលនេសាទសម្រាប់ឆ្នាំ២០១៧-២០១៨ ទទួលបានផលសរុប ៨៥៦,៥០០តោន កើនជាងឆ្នាំ២០១៦ ចំនួន ៥៣,៧៦៣តោន។ ក្នុងនោះផលទឹកសាបទទួលបានប្រមាណ ៥២៧,៧៩៥តោន កើនជាងឆ្នាំ២០១៦ ចំនួន ១៨,៤៤៥ តោន, ផលទឹកសមុទ្របានចំនួន១២១,០២៥តោន កើនជាងឆ្នាំទៅ ៤២៥តោន និងវារីវប្បកម្មចំនួន ២០៧,៤៤៣តោន កើនជាងឆ្នាំទៅ ៣៤,៨៩៣តោន៕