(កំពង់ចាម)៖ លោក ម៉ា ឈឿន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកជើងព្រៃ និងជាតំណាងរាស្ត្រខេត្តកំពង់ចាម បានថ្លែងថា បើគ្មានថ្ងៃជ័យជំនះថ្ងៃ ៧មករា ដែលជាថ្ងៃកំណើតទី២ របស់កម្ពុជានោះទេ ប្រទេសយើង នឹងបាត់បង់ប្រជាជនខ្មែរស្ទើរតែទាំងស្រុង ដោយសារតែមហន្តរាយនៃភ្លើងសង្គ្រាម ក្រោយការធ្វើរដ្ឋប្រហាររបស់ លន់ នល់ និងការកាប់សម្លាប់នៃរបប៣ឆ្នាំ ៨ខែ ២០ថ្ងៃ នៃរបបប៉ុលពត។
លោកបានថ្លែងក្នុងឱកាសប្រារព្ធពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ នៃទិវាជ័យជន្នះ (៧មករា ១៩៧៩-៧មករា ២០១៨) នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះ នៅសាលាស្រុកជើងព្រៃ ខេត្ដកំពង់ចាម ថា «តើអ្នកណាធ្វើឲ្យមានជ័យជន្នះ ៧មករានេះ? អ្នកណារំដោះប្រជាជាតិយើង, អ្នកណា ជាអ្នកបើកទំព័រប្រវត្ដិសាស្ដ្រថ្មី ដែលពោរពេញទៅដោយការអភិវឌ្ឍន៍ លើគ្រប់វិស័យនេះ គឺមានតែវត្ដមានរបស់គណបក្សប្រជាជនកម្ពុជាមួយគត់ ដែលដឹកនាំដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងអ្នកតស៊ូជាច្រើនទៀត ដែលបានរំដោះប្រជាជនយើង ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ធ្វើឲ្យយើងមាន ជីវិតថ្មី, សិទ្ធិសេរីភាព, ឯករាជ្យ, ប្រជាធិបតេយ្យ និងមានការអភិវឌ្ឍន៍»។
ថ្ងៃ៧មករា ជាថ្ងៃជ័យជំនៈដ៏ធំធេងមួយរបស់កម្ពុជា ដែលប្រជាជនយើងមិនត្រូវបំផ្លិតនោះទេ ព្រោះជាថ្ងៃដែលសង្គ្រោះពួកយើង ឲ្យរួចផុតពីរបបកាប់សម្លាប់ដ៏ឃោរឃៅនេះ ឲ្យរស់រានមានជីវិត ហើយមានជីវភាពរស់សុខសប្បាយ ប្រកបដោយការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលកើតចេញពីការពលី និងលះបង់កម្លាំងញើសឈាម រួមទាំងជីវិត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
លោក ម៉ា ឈឿន បានថ្លែងបន្ដថា សព្វថ្ងៃនេះ យើងមានសេរីភាពពេញលេញចង់ធ្វើក៏បាន ឲ្យតែស្របច្បាប់ និងកុំក្បត់ជាតិ ។សម្រាប់សមិទ្ធផលវិញ យើងមានច្រើនណាស់ ផ្លូវ, ស្ពាន, សាលារៀន, មន្ទីរពេទ្យ, ទឹកស្អាត, ទូរគមនាគមន៍, ប្រព័ន្ធបណ្តាញ អគ្គិសនី, ការកើនឡើងនូវរោងចក្រ សហគ្រាស, ភ្ញៀវទេសចរ, និងការបង្កើនការងារយ៉ាងច្រើន ជូនប្រជាពលរដ្ឋធ្វើ ថែមទៀតផងដែរ។ ដូចនេះជ័យជំនះថ្ងៃ៧ មករា នេះបានធ្វើឲ្យប្រជាកម្ពុជា ពោរពេញដោយភាពសម្បូរសប្បាយ មានសន្តិភាព និងការអភិវឌ្ឍន៍៕