(ភ្នំពេញ)៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះ បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន បាននិងកំពុងយកចិត្តចំពោះជនរងគ្រោះ ដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលសំចតសង្គមកិច្ច រាជធានីភ្នំពេញ (មណ្ឌលព្រៃស្ពឺ)។
ការលើកឡើងបែបនេះ បានធ្វើឡើង ក្នុងឱកាសដែល ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅមជ្ឈមណ្ឌល សំចតសង្គមកិច្ចរាជធានីភ្នំពេញ (មណ្ឌលព្រៃស្ពឺ) ក្នុងខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះ។
លោក កែវ រ៉េមី បានឲ្យដឹងថា ពិធីសំណេះសំណាលនេះ គឺជាការជួបជុំដើម្បីរំលឹកដល់ការរំដោះ ៧ មករា និងលើកទឹកចិត្តដល់ជនរងគ្រោះ ដែលស្នាក់នៅ ជាង ៤០០នាក់ ក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ច មានការខិតខំប្រឹងប្រែង និងស្វះស្វែករកជំនាញពិតប្រាកដក្នុងន័យចូលរួមការអភិវឌ្ឍជាតិ។ លោកបន្តថា រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ ចំពោះជនរងគ្រោះទាំងអស់ ដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលសំចតសង្គមកិច្ច (មណ្ឌលព្រៃស្ពឺ) ឲ្យមានជំនាញច្បាស់លាស់ សម្រាប់ការអនាគត និងចូលរួមការអភិវឌ្ឍសង្គមឲ្យល្អប្រសើរ។
បើតាម លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន បានបញ្ជាក់ថា បច្ចុប្បន្នមជ្ឈមណ្ឌលមានជនរងគ្រោះ ជនងាយរងគ្រោះស្នាក់នៅ សរុបចំនួន៤៦១នាក់ ស្រី១២២នាក់ (ស្ដ្រីរកស៊ីផ្លូវភេទគ្មានសុវត្ថិភាពចំនួន ២៣នាក់, ជនវិបល្លាសស្មារតីចំនួន៦៥នាក់ ស្រី១៣នាក់ ជនអនាថាវ័យចាស់ចំនួន ៥៩នាក់ ស្រី២៦នាក់ ជនអនាថា ប្រើប្រាស់គ្រឿងញៀនចំនួន ៣១៤នាក់ គិតតឹ្រមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលសំចតសង្គមកិច្ច មានអាគារទីចាត់ការ១ខ្នង អាគារពិគ្រោះយោបល់០១ខ្នង ប៉ុស្ដិ៍សុខភាព០១ខ្នង អាគារបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈចំនួន១ខ្នង អាគារស្នាក់នៅជនរងគ្រោះជនងាយរងគ្រោះ ០៣ខ្នង (អាគារបុរស០២ខ្នង និងផ្នែកនារី០១ខ្នង) សាលប្រជុំ០១ អាគាររោងបាយ និងដាំបាយ០១ខ្នង៕