(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានជំរុញឲ្យនាយទាហាន នាយទាហានរង និងពលទាហាន ដែលឈរជើងតាមបន្ទាត់ព្រំដែន កម្ពូជា-ថៃ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពការរស់នៅប្រចាំថ្ងៃ និងត្រួសត្រាយព្រៃជុំវិញកន្លែងរស់នៅឲ្យបានស្អាត ព្រោះរដូវនេះជារដូវប្រាំង ការពារភ្លើងព្រៃឆាបឆេះ រាលដាលដល់ជម្រកស្នាក់នៅរបស់យើង។
ការផ្តាំផ្ញើបែបនេះរបស់លោកមេបញ្ជាការ ធ្វើឡើងក្នុងឱកាសដែលលោករួមជាមួយ មេបញ្ជាការរង នាយទាហាន នាយទាហានរងជាច្រើនរូបទៀត អញ្ជើញុះសួរសុខទុក្ខកងកម្លាំង របស់កងវរសេនាតូចលេខ១ និងកងអនុសនាធំលេខ៣ របស់កងវរសេនាតូចលេខ២ ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨។
លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភ័ក្ត្រា បានថ្លែងថា ក្នុងនាមជាមេបញ្ជាការ លោកតែងគិតគូរជានិច្ចពីសុខទុក្ខ និងការរស់នៅរបស់នាយ នាយរង និងពលទាហាន នៅតាមដៅឈរជើងទាំងអស់ ពិសេសគោលដៅឈរជើងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ។ ម្យ៉ាងទៀតរដូវនេះជារដូវប្រាំង ភ្លើងព្រៃបានឆេះគ្រប់ទីកន្លែង ដែលបង្កឲ្យឆាបឆេះដល់ផ្ទះសម្បែង ប្រជាពលរដ្ឋ និងកន្លែងស្នាក់នៅរបស់កងទ័ពយើងគ្រប់ពេលវេលា បើសិនជាយើងខ្វះការប្រុងប្រយ័ត្ន។
ជាមួយគ្នានេះ លោកមេបញ្ជាការ បានដាស់តឿនឲ្យនាយ នាយរង និងពលទាហានទាំងអស់ ត្រូវសម្អាតព្រៃជុំវិញកន្លែងស្នាក់នៅរបស់ខ្លួនឲ្យបានស្អាត ការពារភ្លើងព្រៃ កុំឲ្យឆេះរាលមកដល់កន្លែងស្នាក់នៅ របស់យើងឲ្យសោះ និងជាពិសេសត្រូវយកចិត្តទុកដាក់ថែទាំសុខភាពរបស់ខ្លួនឲ្យបានល្អផងដែរ។
លោកមេបញ្ជាការ ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន របស់លោកចំនួន២លានរៀល ដល់កងវរសេនាតូចលេខ១ សម្រាប់កសាងអង្គភាព និងបានឧបត្ថម្ភថវិកា៤០ម៉ឺនរៀលទៀត ដល់កងអនុសេនាធំលេខ៣បន្ថែម លើរបបហូបចុកប្រចាំថ្ងៃផងដែរ៕