(ភ្នំពេញ)៖ កិច្ចប្រជុំឧត្តមមន្ត្រីនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៦ បានចាប់ផ្តើមហើយនៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះ។ កិច្ចប្រជុំត្រូវបានឡើងនៅទីស្តីការនៃក្រសួងការបរទេសកម្ពុជា។
កិច្ចប្រជុំនេះត្រូវបានដឹកនាំរួមគ្នាដោយលោក សុខ ស៊ីផាន់ណា ឧត្តមមន្ត្រីរបស់កម្ពុជាសម្រាប់ កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង និង លោក Huang Xilian អគ្គនាយករងទទួលបន្ទុកកិច្ចការអាស៉ី នៃក្រសួងការបរទេសចិន ដោយមានការអញ្ជើញចូលរួមពីឧត្តមមន្ត្រីនៃប្រទេស នៃតំបន់ទន្លេមេគង្គ៤ផ្សេងទៀត រួមមាន៖ ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា។
កិច្ចប្រជុំឧត្តមមន្ត្រីនៅរសៀលថ្ងៃនេះ គឺជាការសម្របសម្រួលមួយមុននឹងឈានដល់កិច្ចប្រជុំថ្នាក់ កំពូលនៃកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលនឹងចាប់ផ្តើមនៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ស្អែកនេះ។ កិច្ចប្រជុំកំពូល មេគង្គ-ឡានឆាងលើកទី២ ដែលធ្វើនៅល្ងាចថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ធ្វើជាសហប្រធាន។ កិច្ចប្រជុំនេះក៏នឹងមានការអញ្ជើញចូលរួមពី លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ លោក មិន ស្វេ អនុប្រធានាធិបតីមីយ៉ាន់ម៉ា លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម។
កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ នឹងធ្វើឡើងនៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ ក្រោមមូលបទ «ទន្លេរបស់ យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។ ថ្នាក់ដឹកនាំប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង នឹងពិភាក្សាលើបញ្ហាសំខាន់ៗ ដើម្បីអភិវឌ្ឍន៍អនុតំបន់ទន្លេមេគង្គ ផ្តោតជាសំខាន់ទៅលើការតាំងចិត្ត ក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៃអនុតំបន់ទន្លេមេគង្គ។
កិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២នេះ ក៏នឹងពិភាក្សាផ្តោតសំខាន់ដល់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមរបស់ប្រទេសអនុតំបន់ ការធ្វើឲ្យប្រសើរឡើងសុខុមាលភាពប្រជាជន ការបំព្រួញគំលាតអភិវឌ្ឍន៍ ក្នុងចំណោមប្រទេស ដើម្បីគាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងការជំរុញកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដើម្បីរួមចំណែក បន្ថែមទៀតដល់ការអនុវត្ត របៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព។
ឯកសារសំខាន់ៗចំនួន៤ ត្រូវបានគេរំពឹងថា នឹងសម្រេចបាននៅក្នុងកិច្ចប្រជុំនេះ រួមមាន៖
១៖ សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញនៃកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២
២៖ ផែនការសកម្មភាពប្រាំឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២)
៣៖ បញ្ជីគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងដំណាក់កាលទី២
៤៖ របាយការណ៍ស្តីពីវឌ្ឍនភាពរបស់ក្រុមការងាររួមតាមវិស័យអាទិភាពទាំង៦៕