(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានដឹកនាំគណៈប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធមហាឧបាសក គង់ ខាត់ ត្រូវជាបិតាក្មេករបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាបិតាបង្កើតរបស់លោកជំទាវ អ៊ូ សាន ដែលបានទទួលមរណភាព នៅថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង០៥:៣៦នាទីទៀបភ្លឺ ក្នុងជន្មាយុ១០១ ឈានចូល១០២ឆ្នាំ ដោយជរាពាធ។ គណៈប្រតិភូ រួមមានលោកបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ និងមន្ត្រីជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិផងដែរ។
ការទទួលមរណភាពរបស់មហាឧបាសក គង់ ខាត់ គឺការបាត់បង់នូវបិតា ជីតា ដ៏ល្អមួយរូប ប្រកបដោយព្រហ្មវិហារធម៌ដែលបានបីបាច់ថែរក្សាអប់រំនិងផ្តល់គំនិតល្អៗ ការលើកទឹកចិត្ត និងការគាំទ្របុត្រធីតា និងចៅៗប្រកបគន្លងធម៌។
ក្នុងបរិយាកាសដ៏មហាសែនក្រៀមក្រំយ៉ាងក្រៃលែង ព្រមទាំងក្តីសោគសង្វេគយ៉ាងខ្លាំងជាទីបំផុតនេះ ក្នុងនាមគណៈប្រតិភូ និងក្នុងនាមកិត្តិសេដ្ឋាបណ្ឌិតផ្ទាល់ រួមជាមួយនិងភរិយា ឡាយ នារី ព្រមទាំងកូនស្រី ឈន់ កុលាបបុប្ផា និងកូនប្រុស គាត រស្មី កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ បានសម្តែងនូវសេចក្តីក្តុលក្តួល ពោរពេញដោយទុក្ខសោកយ៉ាងពន់ពេក និងក្រៀមក្រំបំផុត ចំពោះការទទួលមរណភាព របស់មហាឧបាសក គង់ ខាត់ និងបានសម្តែងនូវមហាមរណទុក្ខ ដោយក្តីសោកសង្រេង និងសោកស្តាយបំផុតរកអ្វីប្រៀបផ្ទឹមពុំបានឡើយ ជាមួយសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធមហាឧបាសក គង់ ខាត់ បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕