(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីចិន និងជាមេដឹកនាំជាន់ខ្ពស់លំដាប់ទី២ ក្នុងជួររដ្ឋាភិបាលក្រុងប៉េកាំង លោក លី ខឺឈាង នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ស្អែកនេះ តបតាមការអញ្ជើញរបស់បុរសខ្លាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ក្នុងដំណើរអញ្ជើញមកដល់ប្រទេសកម្ពុជាជាលើកដំបូងក្នុងតំណែងជានាយករដ្ឋមន្ត្រីរបស់ចិននៅថ្ងៃស្អែកនេះ លោក លី ខឺឈាង នឹងអញ្ជើញចូលរួមធ្វើជាសហប្រធានជាមួយសម្តេចតេជោ ហ៊ុន សែន បើកកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ នៅពេលរសៀល។
ក្រៅពីចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងហើយនោះ នៅថ្ងៃបន្ទាប់ពោលគឺនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រីចិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ការផ្តើមដំណើរទស្សនកិច្ចផ្លូវការនេះ ពេលព្រឹកលោកនាយករដ្ឋមន្ត្រីចិន នឹងអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ បន្ទាប់មកអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅមណ្ឌបព្រះបរមរតនកោដ្ឋ ដែលនៅក្បែរវិមានឯករាជ្យនោះ។
ក្រោយពីបញ្ចប់ការដាក់កម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋហើយនោះ លោកនាយករដ្ឋមន្ត្រីចិន នឹងបន្តដំណើរទៅកាន់វិមានសន្តិភាព ដើម្បីជួបសំណេះសំណាលទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន។ បន្ទាប់ពីជំនួបសំណេះសំណាលទ្វេភាគី និងកិច្ចប្រជុំចង្អៀតរួចហើយ សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង នឹងអញ្ជើញធ្វើជាអធិបតីចុះហត្ថលេខាលើឯកសារសំខាន់មួយចំនួន និងពិធីប្រកាសជាផ្លូវការអំពីគម្រោង «ដំណើរនៃក្ដីស្រលាញ់ពីបេះដូង» នៅកម្ពុជា ដែលផ្តល់ជាជំនួយឥតសំណងសម្រាប់គម្រោងសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យខេត្តត្បូងឃ្មុំ និងគម្រោងប្លង់ស្ថាបត្យកម្មអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន លោក លី ខឺឈាង នឹងបន្តដំណើរចូលថ្វាយបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។
ក្រោយជួបសវនាការជាមួយព្រះមហាក្សត្រខ្មែរ នៅរសៀលថ្ងៃដដែល លោក លី ខឺឈាង នឹងអញ្ជើញចូលរួមលាងសាយភោជន៍ពេលថ្ងៃត្រង់ ដែលរៀបចំដោយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។ ក្រោយពីពិធីលាងសាយភោជន៍ លោក លី ខឺឈាង នឹងត្រូវឡើងយន្តហោះចាកចេញពីកម្ពុជានៅវេលាម៉ោងប្រមាណ ២រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ដដែលនោះ។
សូមបញ្ជាក់ថា ក្រៅពីជំនួបដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជានាដើមឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានធ្លាប់បានជួបលោក លី ខឺឈាង ជាច្រើនលើកមកហើយតាមរយៈ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោទៅកាន់ប្រទេសចិន ក៏ដូចជាកិច្ចប្រជុំកម្រិតអន្តរជាតិនានានៅក្រៅប្រទេស។
លោក លី ខឺឈាង ជាជនជាតិហាន កើតនៅខែកក្កដា ឆ្នាំ១៩៥៥ ក្នុងខេត្តអានហួយ ប្រទេសចិន។ លោកបានចូលបម្រើការងារនៅខែមីនា ឆ្នាំ១៩៧៤ និងចូលជាសមាជិកនៃ បក្សកុម្មុយនិស្តចិននៅខែឧសភា ឆ្នាំ១៩៧៦ បានបញ្ចប់ការសិក្សាជំនាញសេដ្ឋសាស្រ្តផ្នែកនីតិសាស្រ្ត និងសេដ្ឋសាស្រ្តនៃវិទ្យាស្ថានសេដ្ឋសាស្រ្ត នៃសកលវិទ្យាល័យប៉េកាំង ទទួលបានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតបរិញ្ញាប័ត្រផ្នែកនីតិសាស្រ្ត និងបណ្ឌិតផ្នែកសេដ្ឋសាស្ត្រ។
បច្ចុប្បន្នលោកមានតួនាទីជាសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាលេខាធិការនៃគណៈកម្មាធិការបក្សប្រចាំនៅក្រុមប្រឹក្សាកិច្ចការរដ្ឋចិន។ លោក លី ខឺឈាង ត្រូវបានបក្សកុម្មុយនិស្តចិន បោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីទី៧របស់ចិន បន្ទាប់ពីលោក វេន ជាប៉ាវ នៅឆ្នាំ២០១៣៕
សូមអានប្រវត្តិរូបសង្ខេបរបស់លោក លី ខឺឈាង នៅខាងក្រោម៖