(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះ បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងសាធារណការ និងដឹកជញ្ជូនអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឪពុកក្មេកសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា។
ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចូលរួមរំលែកមរណទុក្ខ និងសម្តែងសមានទុក្ខដ៏ក្រៀមក្រំជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ព្រមទាំងក្រុមគ្រួសារ។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា មរណភាពរបស់មហាឧបាសក គង់ ខាត់ គឺជាការបាត់បង់នូវបិតាក្មេក បិតាបង្កើត ជីតា និងជីតាទូត ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់សម្តេច និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលកន្លងមក មហាឧបាសកតែងបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ប្រាជ្ញាស្មារតី ចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតា និងចៅៗ ប្រកប ដោយគន្លងធម៌ រហូតក្លាយជាបញ្ញវន្ត និងជាថ្នាក់ដឹកនាំកំពូលមួយរូបរបស់ជាតិ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់មហាឧបាសក គង់ ខាត់ បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា ឧបាសក គង់ ខាត់ ដែលជាបិតាក្មេករបស់សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានទទួលមរណភាព នៅវេលាម៉ោង៥៖៣៦នាទី ទៀបភ្លឺ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨នេះ ក្នុងជន្មាយុ១០១ឆ្នាំ។ ឧបាសក គត់ ខាត់ ត្រូវជាឪពុកបង្កើតរបស់ លោកស្រី អ៊ូ ស៊ាន ភរិយាសម្តេចសាយឈុំ ហើយការទទួលមរណភាពនេះ ដោយសារជរាពាធ។
សពរបស់មហាឧបាសក គង់ ខាត់ ត្រូវតម្កល់នៅគេហដ្ឋានលេខ១៦ ផ្លូវលេខ២២២ ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីដង្ហែសពនឹងប្រព្រឹតទៅនៅព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧៖០០ព្រឹក ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរី-ជើងឆ្នុក ស្ថិតនៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម៕