(បាត់ដំបង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្រោយការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការអាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅមូលដ្ឋានស្រុកបាណន់ និងក្រុងបាត់ដំបង។
បើតាមមន្ដ្រីអាវុធហត្ថខេត្ត ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ដោយកម្លាំងការិយាល័យជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជា ម៉ៅ អាយុ៤៥ឆ្នាំ ដកហូតបានគ្រឿងញៀនម៉ាទឹកកក ០៣កញ្ចប់។
មន្ដ្រីដដែលបញ្ជាក់ថា ក្រោយប៉ុន្មានម៉ោងនៅចំណុចភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង កម្លាំងការិយាល័យជំនាញ បានធ្វើការឃាត់ខ្លួន ឈ្មោះ ព្រឹម ពិសិដ្ឋ អាយុ៣៨ឆ្នាំ ដែលជាមេក្លោង និងដកហូតវត្ថុតាងគ្រឿងញៀនម៉ាទឹកកក ០៦កញ្ចប់ ជញ្ជីងថ្លឹងគ្រឿងញៀន០១គ្រឿង និងម៉ូតូ០១គ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ស្លាកលេខបាត់ដំបង1K-1224។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួននៅការិយាល័យបទល្មើសគ្រឿងញៀន ដើម្បីរៀបចំសំណុំរឿងចាត់ការតាមនីតិវិធី៕