(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ និងនគរបាលជំនាញខណ្ឌ បានបើកប្រតិបត្តិការស្រាវជ្រាវ តាមប្រម៉ាញ់ក្រុមចោរលួចម៉ូតូ និងគាស់ផ្ទះយ៉ាងសកម្ម បានបានមួយសំបុកដែលមានគ្នា៤នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងរត់គេចខ្លួន។
ប្រតិបត្តិការច្បាមមុខសញ្ញាខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះល្វែងសង់ទុកចោលចំនួន១២ល្វែង ក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ភា ប្រុស នាយនគរបាលប៉ុស្តិ៍កាកាបទី២ បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ មាន សុភ័ក្រ អានឿន អាយុ២៨ឆ្នាំ ទី២-ឈ្មោះ ឆិល អូន អាយុ២៦ឆ្នាំ ទី៣-ឈ្មោះ ហោម ផន អាយុ២៨ឆ្នាំ និង ទី៤-ឈ្មោះ សុខ វិបុត្រ អាយុ២៦ឆ្នាំ មុខរបរ និងស្នាក់នៅជាមួយគ្នា។
លោក ភា ប្រុស បានឲ្យដឹងទៀតថា តាមចម្លើយសារភាព ជនសង្ស័យទាំងនេះ ជាមុខសញ្ញាចាស់ដែលធ្លាប់ជាប់ពន្ធនាគារ ហើយពេលចេញពីពន្ធនាគារវិញ ក៏បានបន្តធ្វើសកម្មភាពលួចគាស់ផ្ទះ និងលួចម៉ូតូជាច្រើនករណី ក្នុងនោះរួចបានម៉ូតូចំនួន១៥គ្រឿង និងរបស់របរទ្រព្យសម្បត្តិមានតម្លៃជាច្រើនទៀតផងដែរ។
លោក ភា ប្រុស បានបន្តទៀតថា បន្ទាប់ពីមានប្រជាពលរដ្ឋ មកដាក់ពាក្យបណ្តឹងជាច្រើនករណីនោះ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានបញ្ជាឲ្យលោកធ្វើការស្រាវជ្រាវ រហូតតាមប្រម៉ាញ់ ក្រុមចោរលួចម៉ូតូ និងទ្រព្យសម្បត្ដិប្រជាពលរដ្ឋគាស់ផ្ទះ បានមួយសំបុកតែម្ដងសរុប៤នាក់ និងបក្ខពួកផ្សេងទៀត កំពុងតែរត់គេចខ្លួន និងដកហូតវត្ថុតាងសម្រាប់ធ្វើសកម្មភាពជាច្រើនផងដែរ។
បច្ចុប្បន្នជនសង្ស័យកម្លាំងទំនាញប៉ុស្តិ៍កាកាបទី២ កំពុងកសាងសំណុំរឿងបញ្ជូនបន្ត ទៅផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមផ្លូវច្បាប់៕