(កំពង់ធំ)៖ មន្ត្រីសាខាកាំកុងត្រូលកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨នេះ បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅផ្សាររំលង ស្ថិតនៅភូមិរំចេក ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងជាពិសេសបានស្វែងរកផលិតផលម្សៅទឹកដោះគោម៉ាក Celia and Picot។
មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំងលក់ នៅក្នុងផ្សារខាងលើ រួចមកជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារឡើយ ហើយជាពិសេសទៅទៀតនោះ ក្រុមការងារ បានស្វែងរកម្សៅទឹកដោះគោ ម៉ាក Celia and Picot ដែលក្រុមហ៊ុន នៅប្រទេសបារាំង បានប្រកាសប្រមូលយកមកវិញ តែពុំបានរកឃើញមានលក់នោះទេ។
មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ធំ ក្រុមការងារបានរកឃើញរកទឹកផ្លែប៉ោម ម៉ាក Refresh ចំណុះ ៣៣០ ml ចំនួន៤កំប៉ុង ផលិតនៅប្រទេសកម្ពុជា ទឹកក្រូច ម៉ាក Fanta ចំណុះ១,២៥L ចំនួន៩ដប ផលិតនៅថៃ ទឹកក្រូច ម៉ាច estplay ចំណុះ ១,៦L ចំនួន៣៣ដប ផលិតនៅថៃ ទឹក ក្រូច ម៉ាក Sprite ចំណុះ២៤៥ml ចំនួន១០កំប៉ុង ទឹកដោះគោ ចំនួន១៣ប្រអប់ ទឹកសាមរ៉ៃ ចំនួន១២កំប៉ុង និងទឹកសណ្តែក ម៉ាកVitamilk ចំណុះ៣០០ml ចំនួន៣០ដប ផលិតនៅ ប្រទេសថៃ។
មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា ទំនិញខូចគុណភាពទាំងនេះ បានធ្វើកំណត់ហេតុដកហូត យកទៅរក្សាទុក ដើម្បីធ្វើការកម្ទេចចោល។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់ លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ បានជូនដំណឹងដល់សាធារណជន ពាណិជ្ជករ នាំចូល អាជីវករលក់ដុំ លក់រាយ សូមមេត្តាជ្រាបថា ក្រុមហ៊ុន GROUPE LACTALiS បានប្រកាសព័ត៌មានជាថ្មី ទៀតស្តីពី «ការប្រមូលត្រឡប់មកវិញទាំងអស់ នូវផលិតផលម្សៅទឹកដោះគោ សំរាប់ទារក និងកុមារតូចៗ និងផលិតផល ចិញ្ចឹមទារក និងកុមារដែលផលិតនៅរោងចក្រ Craon» ដែលទឹកដោះគោទាំងនេះមានផ្ទុកជាតិបាត់តេរី នាំឲ្យប៉ះពាល់ដល់សុខភាពទារក និងកុមារតូចៗយ៉ាងខ្លាំងនៅពេលបានបរិភោគ៕