(ព្រះវិហារ)៖ បុរសម្នាក់ និងកូនស្រីតូចម្នាក់ទៀត បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីជួយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកគោយន្តកន្ត្រៃយ៍ចំពីមុខយ៉ាងពេញទំហឹង នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះ ស្ថិតនៅភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។
លោកវរសេនីយ៍ទោ ឈួ ម៉ាឌី អធិការនគរបាលស្រុកឆែប បានឲ្យដឹងថា មុនពេលកើតហេតុជនគ្រោះបានជិះម៉ូតូដឹកកូនតូចពីក្រោយក្នុងទិសដៅពីកើតទៅលិច លុះដល់កន្លែងហេតុ ស្រាប់តែម៉ូតូជនរងគ្រោះបានទៅបុកគោយន្តកន្ត្រៃយ៍ ដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះទាំង២នាក់ឪពុក និងកូនស្លាប់ភ្លាមៗ។
លោកអធិការស្រុក បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ កែវ គុយ អាយុ២៤ឆ្នាំ បើកបរម៉ូតូ Honda Dream C125 ពណ៌ខៅ្ម និងកូនស្រីឈ្មោះ គិត នីសា អាយុ៣ឆ្នាំ។ ចំណែកអ្នកបើកបរគោយន្តកន្ត្រៃយ៍ឈ្មោះ អៀន អ៊ិត អាយុ៣៤ឆ្នាំ រស់នៅភូមិកាឡោក ឃុំសង្កែ១ ស្រុកឆែប។
បច្ចុប្បន្នម៉ូតូ និងគោយន្តត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំការដោះស្រាយតាមច្បាប់៕