(កោះកុង)៖ ដើម្បីជួយសង្រ្គោះជីវិតអ្នកជួបបញ្ហាខ្វះឈាម និងបងប្អូនជួបឧបសគ្គកង្វះឈាម មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តកោះកុង បានចូលរួមធ្វើការបរិច្ចាគឈាមនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨នេះ ក្រោមប្រធានបទ «បរិច្ចាគឈាមសង្គ្រោះជីវិត» នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង។
ក្នុងពិធីអបអរសាទរបរិច្ចាគឈាមក្រោមប្រធានបទ «បរិច្ចាគឈាមសង្រ្គោះជីវិត» ធ្វើឡើងក្រោមអធិបតីភាពលោក ស្រេង ហុង អភិបាលរងខេត្ត ព្រមទាំងមន្រ្តីក្រោមឱវាទ លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិ និងក្រុមគ្រូពេទ្យចំនួន២០នាក់ ការចូលរួមពីក្រុមលោកគ្រូស្ម័គ្រចិត្តបង្អែកខេត្តកោះកុងចំនួន១០នាក់ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សិស្សកាកបាទក្រហមកម្ពុជា យុវជន សហភាពសហព័ន្ធយុវជនកម្ពុជា( ស.ស.យ.ក) ព្រមទាំងសមាគមបញ្ញវ័ន្ត.ក១២ ខេត្តកោះកុងផងដែរ។
លោក ស្រេង ហុង បានថ្លែងឲ្យដឹងថា នេះជាសក្ខីភាពដែលស្ថិតក្នុងបរិយាកាស នៃស្មារតីមនុស្សធម៌ មន្រ្តីរាជការគ្រប់ស្ថាប័ន្ន នឹងយុវជនទាំងអស់ដែលបានយល់ យ៉ាងច្បាស់ ក្នុងការជួយសង្រ្គោះជីវិតមនុស្ស ដែលលះបង់ពេលវេលាដ៏មានតម្លៃស្ម័គ្រចិត្ត មកចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះជីវិតប្រជាពលរដ្ឋដែលជួបការកង្វះ ឈាម នូវពេលដែលជួបបញ្ហាដោយចៃដន្យ។
លោក ស្រេង ហុង បានបញ្ជាក់ទៀតថា «ថ្ងៃនេះយើងទាំងអស់គ្នាបានដឹងហើយថា ឈាមមានសារសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប នៅពេលណាបងប្អូនជួបគ្រោះថ្នាក់ដោយប្រការផ្សេងៗដូចជា៖ ការវះកាត់ ស្រ្តីឆ្លងទន្លេ គ្រោះថ្នាក់ចរាចរណ៍ជាដើម ហើយឈាមដែលបងប្អូនបានបរិច្ចាគនេះហើយ ត្រូវបានយកទៅជួយសង្រ្គោះអាយុជីវិតពួកគាត់ឲ្យរួចពីសេចក្តីស្លាប់បាន ហើយការបរិច្ចាគឈាមរបស់បងប្អូនថ្ងៃនេះមានតម្លៃស្មើ នឹងអំណោយជីវិត»។
លោក ហៃ ឡៃស៊ុន ប្រធានមន្ទីរបង្អែកខេត្ត បានលើកឡើងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មន្ទីរពេទ្យបង្អែកខេត្តកោះកុង នឹងដោយមានចង្អុលបង្ហាញពីលោក ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ដែលបានចូលរួមក្នុងកម្មវិធិបរិច្ចាគឈាមថ្ងៃនេះ និងក្រុមលោកគ្រូពេទ្យខេត្ត បានចូលរួមសហការជាមួយក្រុមលោកគ្រូពេទ្យ មកពីមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម ក្រុមលោកគ្រូពេទ្យលោកមាន សេចក្តីសោមនស្សរីករាយក្រៃលែង ដោយមើលឃើញនូវមន្រ្តីរាជការ យុវជន យុវវតីបានមកចូលរួមបរិច្ចាគ ឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ដែលបងប្អូនយើងជួបបញ្ហាកង្វះឈាម នូវពេលជួបបញ្ហាណាមួយដែលកើតឡើង៕