(កណ្ដាល)៖ លោក ណុប រតនៈ អនុប្រធានគណៈពង្រឹងស្រុក និងជាប្រធានគណៈអចិន្រ្តៃយ៍ គណៈពង្រឹងឃុំព្រែកស្លែង, លោក អ៊ិត ឋានរ័ត្ន អនុប្រធានគណៈពង្រឹងស្រុក និងជាអនុប្រធានទី១ គណៈអចិន្ត្រៃយ៍គណៈពង្រឹងឃុំ និងលោក ឆែម រតនៈវិសាល អនុប្រធានទី២ គណៈពង្រឹងឃុំ តំណាងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋាន ប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកកណ្ដាលស្ទឹង រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាជ័យជំនះ០៧ មករា ១៩៧៩-០៧ មករា ២០១៨។
ក្នុងពិធីនេះក៏មានការចូលរួមពី លោក បូរ ណារ៉េត អភិបាលស្រុក និងជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុក ព្រមទាំងលោកមេឃុំ ក្រុមប្រឹក្សាឃុំ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្រ្តីរាជការ ប្រជាពលរដ្ឋជាង៥០០នាក់ផងដែរ។
បន្ទាប់ពីអាន សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជកម្ពុជា លោក ណុប រតនា បានបញ្ជាក់ថា តាមការសិក្សាស្រាវជ្រាវ ដោយផ្អែកលើភស្តុតាង និងសាក្សីដែលជាចាស់ទុំបានឆ្លងកាត់ និងរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កន្លងមកលោករំលឹកពីការឈឺចាប់ ដែលបានកាប់សម្លាប់ប្រជាជនយ៉ាងព្រៃផ្សៃបំផុតក្នុងរបបដ៏ខ្មៅងងឹតនេះ។
ដោយសារសម្តេច ជា ស៊ីម, សម្តេចតេជោ ហ៊ុន សែន, សម្តេចចក្រី ហេង សំរិន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា បានបូជាសាច់ស្រស់ឈាមស្រស់ សង្រ្គោះប្រជាជន និងប្រទេសជាតិឲ្យរួចផុត ពីរបបដ៏ព្រៃផ្សៃនេះ ហើយនាំមកវិញនូវសុខសន្តិភាព និងការរីកចម្រើនលើគ្រប់វិស័យ រហូតមកដល់បច្ចុប្បន្ននេះ។
បើតាមលោក ណុប រតនៈ ថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជំនះប្រវត្តិសាស្រ្ត ខួបលើកទី៣៩ ដែលបានផ្តល់កំណើតទី២ ដល់ប្រជាជនកម្ពុជាទាំងមូល, មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ មានអ្វីៗគ្រប់យ៉ាង រហូតមកដល់ថ្ងៃនេះ។
ជាមួយគ្នានោះ គណៈអធិបតីក៏បានប្រកាស សមាសភាព ប្រធាន អនុប្រធានក្រុម គណបក្សប្រជាជនកម្ពុជាតាមភូមិទាំង៤ របស់ឃុំព្រែកស្លែងចំនួន២២៥ក្រុមបក្សផងដែរ៕