(ភ្នំពេញ)៖ សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ចប់ការបណ្ដុះបណ្ដាលជំនាញសុរិយោដី និងរៀបចំដែនដី ដល់សិក្ខាកាមចំនួន១១៦នាក់ ដែលសុទ្ធតែជាមន្ត្រីសុរិយោដីមកពីមន្ទីរទូទាំងរាជធានី-ខេត្ត ដើម្បីពង្រឹងសមត្ថភាពបន្ថែមក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួន។
ក្រោយបញ្ចប់ការសិក្សាអស់រយៈពេល១០ខែហើយ សិក្ខាកាមទាំង១១៦នាក់ ក៏បានទទួលវិញ្ញាបនបត្រពី លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងដែរ នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងដែនដី។
លោក ឃិន ឡុងហេង នាយកសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបង្កើតឡើង នៅឆ្នាំ២០១១ ដោយគិតពីពេលចាប់ផ្ដើម សាលាបានបណ្ដុះបណ្ដាលសិក្ខាកាមសរុបចំនួន ៣២៩នាក់ ក្នុងនោះជំនាញសុរិយោដីចំនួន ២៧៣នាក់ និងជំនាញរៀបចំដែនដីចំនួន ៥៦នាក់។
ទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានណែនាំឱ្យសិក្ខាកាមទាំងអស់ ត្រូវខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដោយត្រូវសម្រួលឥរិយាបទទាំងកាយវិកា និងពាក្យសម្ដី ដោយធ្វើយ៉ាងឱ្យពួកគាត់មានភាពកក់ក្ដៅ និងចងចាំជានិច្ចចំពោះទង្វើល្អរបស់មន្រ្តីដែលបានផ្ដល់ជូនគាត់ ព្រមទាំងផ្ដល់នូវទំនុកចិត្ត និងភាពជឿជាក់របស់ពួកគាត់ មកលើក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រោះពេលខ្លះពួកគាត់មិនបានដឹងពីបែបបទ នៃការធ្វើការរបស់មន្រ្តីឡើយ ដូចច្នេះត្រូវធ្វើយ៉ាងណាផ្ដល់ជូនពួកគាត់ឱ្យបាន ឱ្យលឿន និងមានតម្លាភាព ជាពិសេសត្រូវអត់ធ្មត់ជានិច្ច។
លោកបន្តថា មន្ត្រីត្រូវជួយតាមដានផែនការដែលក្រសួងបានដាក់ចុះទាំង១៩ចំណុច នៅថ្ងៃសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និងលើកទិសដៅការងារ ឆ្នាំ២០១៨ របស់ក្រសួងកាលពីថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ ដោយចូលរួមចំណែកជាមួយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីខេត្ត ទៅតាមជំនាញរបស់ខ្លួនដែលបានសិក្សាបញ្ចប់នាពេលនេះ។
ម្យ៉ាងទៀត មន្ត្រីបង្កើនសាមគ្គីភាពផ្ទៃក្នុង ជាពិសេសពេលមានបញ្ហាអ្វីមួយកើតឡើង ត្រូវប្រជុំពិភាក្សា និងរួមគ្នារកដំណោះស្រាយ និងត្រូវខិតខំជួយពូនជ្រុំ ដើម្បីគាំទ្រគោលនយោបាយរបសរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសគោលនយោបាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ នីតិកាលទី៦ ឱ្យរីកចម្រើនបន្ថែមទៀត។
ក្រៅពីការចែកវិញ្ញាបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមទាំង១១៦នាក់ហើយ លោក ជា សុផារ៉ា ក៏បានឧបត្ថម្ភថវិការបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនដល់សិក្ខាកាមក្នុងម្នាក់ៗទទួលបាន ៥ម៉ឺនរៀលផងដែរ៕