(ភ្នំពេញ)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាសុខភាពប្រជាពលរដ្ឋ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨នេះ មន្ត្រីសាខាកាំកុងត្រូលកំពង់ផែ អន្តរជាតិភ្នំពេញ បានសហការជាមួយ មន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះពិនិត្យផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារតាមផ្ទះ ម៉ាតផ្សារច្បារអំពៅ ផ្សារបន្លែច្បារអំពៅ សាលាបឋមសិក្សាច្បារអំពៅ ផ្សារព្រែកឯង និងសាលាបឋមសិក្សាព្រែកឯង ក្នុងខណ្ឌច្បារអំពៅ និងជាពិសេស ស្វែងរក ម្សៅទឹកដោះគោ ម៉ាក Celia and Picot ដែលមានជាតិបាក់តេរី។
មន្រ្តីសាខាកាំកុងត្រូល បានឲ្យដឹងថា ការចុះអង្កេតទំនិញនៅតាមផ្សារ និងម៉ាតនេះ ផ្តោតទៅលើផលិតផលវេចខ្ចប់ជាគ្រឿងឧបភោគ បរិភោគ ដែលបាននិងកំពុងដាក់តាំងលក់ ជា ពិសេសម្សៅទឹកដោះគោ ម៉ាក Celia and Picot ដែលក្រុមហ៊ុនបានប្រកាសប្រមូលយកមកវិញ ហើយជាលទ្ធផលពុំបានរកឃើញ ផលិតផលណាមួយ ខូចគុណភាពនោះទេ។
មន្រ្តីជំនាញកាំកុងត្រូល បានធ្វើតេស្តបឋម (Test Kit) ទៅលើម្ហូបអាហារមួយចំនួនរួមមាន៖ បង្គារ មឹក គុយទាវ សណ្តែកបណ្តុះ សរសៃមីលឿង នំបញ្ចុក ស្ពៃជ្រក់ ជ្រក់ត្រសក់ ជ្រក់ត្រពាំង គូគ្រីវ ម្រះ ស្លឹក គូឆាយ ជាដើម តែលទ្ធផលនៃការធ្វើតេស្តបឋម គឺទទួលបានលទ្ធផលល្អ។
ឆ្លៀតឱកាសនោះដែរ ក្រុមការងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយ ដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹងអំពីផលវិបាក ដែលបណ្តាល មកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
បើតាមប្រធានសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យដឹងថា សកម្មភាពចុះតាមផ្សារ តាមម៉ាត របស់មន្រ្តីកាំកុងត្រូល គឺជាសកម្មភាពប្រចាំខែ ប្រចំាឆ្នាំ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ដែលបានដាក់ចេញគោលការណ៍ច្បាស់លាស់។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានជូនដំណឹងដល់សាធារណជន ពាណិជ្ជករ នាំចូល អាជីវករលក់ដុំ លក់រាយ សូមមេត្តាជ្រាបថា ក្រុមហ៊ុន GROUPE LACTALiS បានប្រកាសព័ត៌មានជាថ្មី ទៀតស្តីពី «ការប្រមូលត្រឡប់មកវិញទាំងអស់ នូវផលិតផលម្សៅទឹកដោះគោ សំរាប់ទារក និងកុមារតូចៗ និងផលិតផល ចិញ្ចឹមទារក និងកុមារដែលផលិតនៅរោងចក្រ Craon» ដែលទឹកដោះគោទាំងនេះមានផ្ទុកជាតិបាត់តេរី នាំឲ្យប៉ះពាល់ដល់សុខភាពទារក និងកុមារតូចៗយ៉ាងខ្លាំងនៅពេលបានបរិភោគ ៕