(ភ្នំពេញ)៖ តាមរយៈលិខិតមួយ ដែលទើបនឹងផ្សព្វផ្សាយនៅថ្ងៃនេះ លោក ម៉ម សូណង់ដូ អតីតប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានបង្ហាញអំពីមូលហេតុដែលលោកមិនអាចចូលបំភ្លឺក្នុងនាមជាសាក្សីជូនតុលាការក្រុងភ្នំពេញបាន ជុំវិញសំណុំរឿងរបស់ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ។
តាមរយៈលិខិតនេះ លោក ម៉ម សូណង់ដូ បានអះអាងថា ពេលនេះលោកកំពុងមានវត្តមាននៅប្រទេសបារាំង ដើម្បីពិនិត្យសុខភាព ហើយលោក ម៉ម សូណង់ដូ ក៏បានស្នើសុំអភ័យទោសពីសំណាក់តុលាការផងដែរ ដែលខ្លួនអវត្តមានក្នុងការចូលបំភ្លឺតាមការកោះហៅជាលើកទី៣។
លោក សូណង់ដូ បានបញ្ជាក់យ៉ាងដូច្នេះថា «លោកគ្រូពេទ្យទើបបានបញ្ជាក់ថា ការពិនិត្យសុខភាពរបស់ខ្ញុំនៅប្រទេសបារាំង នឹងត្រូវបញ្ចប់នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨។ ខ្ញុំនឹងជម្រាបជូនលោកចៅក្រមម្តងទៀត នៅពេលខាងមុខយ៉ាងខ្លី ថ្ងៃដែលខ្ញុំត្រូវមកដល់ស្រុកខ្មែរ»។
សូមបញ្ជាក់ថា នាថ្មីៗនេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាធានីភ្នំពេញ លោក គី ឫទ្ធី បានចេញដីកាកោះហៅ លោក ម៉ម សូណង់ដូ ឱ្យចូលបំភ្លឺនៅតុលាការ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ក្នុងនាមជាសាក្សីនៃសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា។
ដីកាកោះរបស់លោក គី ឫទ្ធី បានតម្រូវឱ្យ លោក ម៉ម សូណង់ដូ ចូលបំភ្លឺនៅម៉ោង៨៖៣០នាទីព្រឹកនៅបន្ទប់ «គ» ជាន់ទី៣ នៃសាលាដំបូងរាជធានីភ្នំពេញ អំពីដំណើររឿង សន្និដ្ឋិភាពជាមួយប្រទេស ប្រព្រឹត្តដោយ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ។ លោក ម៉ម សូណង់ដូ ត្រូវចូលខ្លួនឱ្យទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងនឹងរឿងនេះ ទៅជាមួយផង។
សាលាដំបូងរាជធានីភ្នំពេញ ពេលនេះ បាននិងកំពុងដំណើរការនីតិវិធី ដើម្បីឈានទៅដល់ការដាក់ទោសលោក កឹម សុខា ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ពីបទក្បត់ជាតិ ឃុបឃិតជាមួយបរទេស ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅគេហដ្ឋានរបស់លោកស្ថិតនៅខណ្ឌទួលគោក នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយនូវវីដេអូមួយ បង្ហាញថា លោកបានអនុវត្តតាមការបង្គាប់បញ្ជារបស់បរទេស ដើម្បីអនុវត្តការងារនៅកម្ពុជាដោយយកគំរូតាមប្រទេសយូហ្គោស្លាវី និងស៊ែមប៊ី។
រាជរដ្ឋាភិបាល បានចាត់ទុកថា ទង្វើរបស់ លោក កឹម សុខា គឺជាទង្វើក្បត់ជាតិ ដែលមិនអាចអត់ឱនឱ្យបាន៕