(ព្រះវិហារ)៖ មន្ត្រីជាប់កិច្ចសន្យាប្រមាណ១៥០នាក់ ដែលបំរើការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ត្រូវបានត្រួតពិនិត្យរកសារធាតុញៀន ដោយធ្វើតេស្តតាមរយៈទឹកនោម ហើយជាលទ្ធផលរកឃើញមន្រ្តីចំនួន២នាក់ មានសារធាតុញៀន តែមានកម្រិតតិចតួចបំផុត ដែលអង្គភាពតម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឈប់ ហើយបើរកឃើញលើកទី២ នោះនឹងត្រូវបណ្តេញ ចេញពីអង្គភាពតែម្តង។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh Newsថា នៅល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ស មន្ទីរសាធារណការ និងដឹកជញ្ជូន បានសហការជាមួយនគរបាលការិយាល័យយគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើតេស្តរកសារធាតុញៀន លើបុគ្គលិកជាប់កិច្ចសន្យាប្រមាណ១៥០នាក់ ដោយយើងធ្វើតេស្ត តាមរយះទឹកនោម។
លោកបញ្ជាក់ទៀតថា ការធ្វើតេស្តរកសារធាតុញៀន លើបុគ្កលិកជាប់កិច្ចសន្យានេះ គឺបន្ទាប់ពីទទួលព័ត៌មានថា មានបុគ្កលិក កម្មករខ្លះ នៅតាមការដ្ឋានមួយចំនួន មានការប្រើប្រាស់គ្រឿងញៀន។ ក្នុងនាមថ្នាក់ដឹកនាំអង្គភាព ពេលឮព័ត៌មានបែបនេះ លោកក៏ដាក់កម្មវិធីដោយសហការ មួយនគរបាលការិយាល័យគ្រឿងញៀន ធ្វើតេស្តលើបុគ្កលិកជាប់កិច្ចសន្យាទាំងអស់នោះ ដោយធ្វើក្រោយម៉ោង គោរពទង់ជាតិប្រចាំសប្តាហ៍ ជាលទ្ធផល ក្រោយធ្វើតេស្តទឹកនោមរួចឃើញថា មានមន្ត្រីជាប់កិច្ចសន្យា២នាក់ មានសារធាតុញៀន ប៉ុន្តែមានតិចតួច ក្រៅពីនោះមិនមានទេ។
លោក សំ លាងទ្រី បានគូសបញ្ជាក់ទៀតថា ឆ្លងតាមការសួរនាំដេញដោល ពីសមត្ថកិច្ច ក៏ដូចរូបលោកផ្ទាល់ឃើញថា បុគ្គលិកជាប់កិច្ចសន្យាទាំង២នាក់ ដែលមានផ្ទុកសារធាតុញៀននោះ គឺមានយូរហើយ មុនពេលដែលគាត់ចូលបំរើការងារ ហើយពេលដែលគាត់ចូលបំរើការងារ គាត់មិនបានប្រើប្រាស់ថ្នាំញៀនទេ ដូច្នេះថ្នាំញៀនដែលធ្វើតេស្តឃើញ គឺដោយសារជាប់ពាក់ព័ន្ធ និងការប្រើរបស់គាត់ពីលើកមុន ដែលករណីនេះក្នុងនាមប្រធានអង្គភាព លោកគ្រាន់តែធ្វើការអប់រំ ណែនាំប៉ុណ្ណោះ ហើយអនុញ្ញាតឲ្យគាត់ចូលបំរើការតាមធម្មតាវិញ។
លោកបញ្ជាក់ផងដែរថា បុគ្គលិកទាំងអស់ បើធ្វើតេស្តរកឃើញថា មានសារធាតុញៀន លើកទី១លោកគ្រាន់តែអប់រំ ធ្វើកិច្ចសន្យាផ្តិតមេដៃ ហើយកែខ្លួនវិញជាបន្ទាន់ ប៉ុន្តែបើធ្វើតេស្តលើកទី២ រកឃើញមានសារធាតុញៀនទៀតនោះ នឹងត្រូវបណ្តេញចេញពីការងារ។ លើសពីនេះនឹងបញ្ជូនឲ្យសមត្ថកិច្ចចាត់ការទៅតាមច្បាប់។
ជាមួយគ្នានេះផងដែរ លោកសូមអំពាវនាវជាថ្មីម្តងទៀត ឲ្យមន្ត្រីទាំងអស់ត្រូវជៀសឲ្យឆ្ងាយពីគ្រៀងញៀន ត្រូវខិតខំធ្វើការដើម្បីអនាគតខ្លួនឯង និងក្រុមគ្រួសារ ហើយលោកមិនបណ្តែតបណ្តោយឲ្យមន្ត្រីណាម្នាក់ នៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ពាក់ព័ន្ធគ្រឿងញៀននោះទេ។
លោកនឹងសហការជាមួយនគរបាលការិយាល័យគ្រឿងញៀន ធ្វើតេស្តម្តងទៀតប្រហែល៤ខែក្រោយទៀត ដូច្នេះត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន បើស្រឡាញ់ការងារ ស្រឡាញ់ក្រុមគ្រួសារ។ ចំពោះមន្ត្រីដែលបំរើនៅតាមការិយាល័យនានា រាល់ពេលជិះម៉ូតូមកធ្វើការ ត្រូវពាក់មួកសុវត្ថិភាព ហើយម៉ូតូត្រូវដាក់កញ្ចក់មើលក្រោយ បើមិនដូច្នេះទេ អ្នកយាមនឹងមិនឲ្យចូលធ្វើការទេ ដូច្នេះត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕