(ស្ទឹងត្រែង)៖ ថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅក្នុងស្រុកសៀមប៉ាង នៃខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះ បានរួមគ្នាប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ខួប ៣៩ឆ្នាំ ដែលជាថ្ងៃផ្តួលរំលំរបបប្រល័យពូជសាសន៍ និងជាថ្ងៃដែលប្រជាពលរដ្ឋកម្ពុជាទទួលបានសិទ្ធិសេរី ក៏ដូចជាការរស់រានមានជីវិតជាថ្មីផងដែរ។
ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ញែម សាម៉ន សមាជិកក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលពីលោក ផាន់ យុត អភិបាលស្រុកសៀមប៉ាង មន្រ្តីរាជការ និងប្រជាពលរដ្ឋសរុបប្រមាណ ៥០០នាក់។ លោក ផាន់ យុត បានឡើងអាននូវសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាចែកជូនដល់បងប្អូនប្រជាពលរដ្ឋ។
បន្ថែមពីលើនោះអភិបាលស្រុកសៀមប៉ាងរូបនេះ ក៏បានរំលឹកប្រាប់ប្រជាពលរដ្ឋផងដែរ ថ្ងៃរំដោះ ៧ មករា គឺជាថ្ងៃប្រវត្តិសាស្រ្តដែលពលរដ្ឋខ្មែរនៅទូទាំងប្រទេសត្រូវបានរំដោះឲ្យមានសិទ្ធិសេរី និងរស់រានមានជីវិតជាថ្មី ក្រោមចលនាអ្នកស្នេហាជាតិក្រោមទង់រណសិរស្សសាមគ្គីសង្គ្រោះជាតិ ដែលដឹកនាំដោយសម្តេច ហេង សំរិន សម្តេច ជា ស៊ីម និងសម្តេចតេជោ ហ៊ុន សែន។
លោក ផាន់ យុត បានថ្លែងសូមឲ្យប្រជាពលរដ្ឋទូទាំងស្រុកសៀមប៉ាង ត្រូវចងចាំនូវគុណូបការៈ និងការលះបង់របស់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងអ្នកស្នេហាជាតិដទៃទៀត ដែលបានប្រឹងប្រែងពលីកម្លាំងកាយចិត្ត និងជីវិត ក្នុងបុព្វហេតុប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល។
លោកអភិបាលស្រុក បានគូសរំលេចផងដែរ ក្រោមចលនារំដោះ និងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាននិងកំពុងធ្វើប្រទេសជាតិមានសុខសន្តិភាព សេដ្ឋកិច្ចរីកចម្រើនលូតលាស់ ជាពិសេសប្រជាពលរដ្ឋរស់នៅបានដោយសុខសប្បាយ។ លោក ផាន់ យុត បានទទូចឲ្យប្រជាពលរដ្ឋក្នុងស្រុកសៀមប៉ាង រួមគ្នាថែរក្សានូវសុខសន្តិភាពមួយនេះ ដើម្បីទទួលបានការអភិវឌ្ឍ និងភាពរីកចម្រើនទាំងក្នុងស្រុកសៀមប៉ាង ក៏ដូចជាប្រទេសជាតិទាំងមូលផងដែរ៕