(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរលោក សេង លាង បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសជាឃាតកដែលសម្លាប់ប្រពន្ធខ្លួនឯង ជាកម្មការិនីរោងចក្រ QMI ក្នុងខណ្ឌពោធិ៍សែនជ័យ, នេះបើតាមមន្ដ្រីតុលាការ ថ្លែងភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨។
សូមជម្រាបថា អំពើឃាតកម្មសម្លាប់ប្រពន្ធរបស់ខ្លួន កាលពីជាងកន្លះខែមុន នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ កម្លាំងនគរបាល បានបើកប្រតិបត្តិការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួនជនដៃដល់ ជាប្ដីរបស់ស្ដ្រីរងគ្រោះ នៅខេត្តព្រះសីហនុ។
ប្រតិបត្តិការនេះបានធ្វើឡើង រវាងកម្លាំងនគរបាលនាយកដ្ឋានកណ្តាលសន្តិសុខ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំង នគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ជនដៃដល់ជាសម្លាប់ប្រពន្ធរបស់ខ្លួន ជាកម្មការិនីនៅរោងចក្រ QMI កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ ត្រូវបានចាប់ខ្លួនហើយ ខណៈដែលជននេះបានរត់គេចខ្លួន និងទៅលាក់ខ្លួននៅខេត្តព្រះសីហនុ។
សពស្ដ្រីរងគ្រោះ ឈ្មោះ ព្រីម បូផា អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតភូមិ ព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ហើយត្រូវបានប្តីសម្លាប់ស្ថិតនៅ ចំណុចបន្ទប់ជួលលេខ៤២ ជាន់ទី៣ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីម្ចាស់ផ្ទះឈ្មោះ ជា សោភា បានឲ្យដឹងថា ពីរនាក់ប្ដីប្រពន្ធមានកូនពីរនាក់ មិនស្គាល់អត្តសញ្ញាណស្នាក់នៅបន្ទប់ជួលលេខ៤២ ជាន់ទី៣ ប្រហែលពីសប្ដាហ៍មកហើយ ហើយពីរនាក់ប្ដីប្រពន្ធនេះមានការឈ្លោះប្រកែកគ្នារហូត ដោយឡែកថ្ងៃកើតហេតុខាងលើអ្នកជួលនោះ មិនទាន់បានឲ្យលុយថ្លៃបន្ទប់ ខ្លួនបានឡើងមកមើលឃើញបន្ទប់នោះចាក់សោសូលិចពីខាងក្រៅ ហើយមានធំក្លិនស្អុយ ទើបខ្លួនបានហៅឪពុកបង្កើត មកជួយកាត់មេសោរ ក្រោយពីកាត់សោរួចទើបដឹងថា មានមនុស្សដេកស្លាប់នៅក្នុងបន្ទប់ជួល។
បើតាមមន្ដ្រីនគរបាល សពជាស្រ្តីមានសភាពហើមស្អុយ មានរយះត្រចៀកខាងឆ្វេងមុខខ្មៅ ហើមរលួយ ស្លៀកខោអាវពណ៌ត្រួយចេកមួយឈុត មានខ្នើយគ្របមុខ សណ្ដូកជើងក្បាលទៅជញ្ជាំងសណ្ដប់ភួយ។ សន្និដ្ឋានតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បានឲ្យដឹងថាសពស្លាប់ ដោយសារអំពើឃាតកម្ម ដែលប្តីជាអ្នកសម្លាប់។
សម្រាប់ជនដៃដល់បានសារភាពថា មូលហេតុដែលនាំឲ្យខ្លួនសម្លាប់ប្រពន្ធបែបនេះ ដោយសារឃើញប្រពន្ធទៅដេកនៅផ្ទះសំណាក់ជាមួយប្រុសផ្សេង៕