(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា លើកទី៣៩ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៨) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ សិស្សានុសិស្ស និស្សិត ប្រជាពលរដ្ឋចូលរួមជាង១៤៤៤នាក់ នៅស្នាក់ការគណបក្សខេត្តបន្ទាយមានជ័យ។
នៅក្នុងពិធីដ៏អធឹកអធ័មនេះ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានក្រុមការងារចុះជួយ ខេត្តបន្ទាយមានជ័យ និងគណបក្សប្រជាជនខេត្ត បានប្រកាសពីខេត្តបន្ទាយមានជ័យក្នុងខួបទី៣៩ ថ្ងៃជ័យជម្នះ៧មករា ដោយគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងអាណត្តិទី៦ និងអណត្តិ ក្រោយៗទៀត។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថា ៧ មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត៣លាននាក់។ ទិវា៧មករាគឺជាការបើកឡើងវិញនូវទំព័រសករាជថ្មីនៃឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ថ្លែងបន្តថា «កម្ពុជាបានប្រែក្លាយពីប្រទេសពោរពេញដោយសមុទ្រឈាម និងទឹកភ្នែកទៅជាប្រទេសដែលពោរពេញដោយសន្តិសុខសុវត្ថិភាព ប្រជាពលរដ្ឋមានជីវភាពកាន់តែ ប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយកម្ពុជាតាមរយះគោលនយោបាយការបរទេស បានកសាងកិត្យានុភាពកេរ្តិ៍ឈ្មោះរបស់ខ្លួនល្បីរន្ទឺស្មើមុខមាត់លើឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះ កម្ពុជាកំពុងប្រែក្លាយពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មទាំងស្រុង ទៅជាប្រទេសដែលពឹងផ្អែកទៅលើវិស័យឧស្សាហកម្ម និងសេវាកម្ម។ នៅឆ្នាំ២០១៨នេះ កម្ពុជាកំពុងដាក់ចេញនូវគោលនយោបាយគាំពារសង្គម ក្នុងការផ្តល់សេវាថែទាំសេវាសុខភាពសាធារណៈជូនដល់មន្ត្រីរាជការ កម្មករ កម្មការនី និងផែនការអភិវឌ្ឍជាច្រើនទៀត»។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស ពិសេសប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ដែលបានរួមគ្នាការពារ និងថែរក្សាសន្តិភាពបានគង់វង្ស ពីព្រោះសន្តិភាពនាំមកនូវការអភិវឌ្ឍ និងរីកចម្រើននិងសម្បូរសប្បាយដោយបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តរួមគ្នាថែរក្សាសន្តិភាព ពង្រឹងឯកភាពផ្ទៃក្នុង និងថែរក្សាសមិទ្ធផលនានារបស់ជាតិ ជាមួយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ និងសូមគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីក្នុងអាណត្តិទី៦ និងអាណត្តិក្រោយៗទៀត។
ជាវប្បធម៌ចែករំលែក នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានអំណោយ និងថវិកាឧបត្ថម្ភ ដល់សមាជិកសមាជិកាជានិវត្តន៍ជនចំនួន១០០នាក់ ដោយក្នុងម្នាក់ៗទទួលបានសារុង១ និងថវិកា៥ម៉ឺនផងដែរ៕