(ភ្នំពេញ)៖ លោក ដារ៉ា សុបញ្ញា និង លោក កេតុ សុវណ្ណឌី ជាមេធាវីតំណាងដោយអាណត្តិរបស់សហជីពធំៗចំនួន១២០ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះ ចូលបំភ្លឺចំពោះមុខលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលប្តឹងលោក ជា មុនី អតីតប្រធានសហភាពសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលពហុវិស័យនៅកម្ពុជា ដែលបានញុះញង់ឱ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។ តាមរយៈបណ្តឹងនេះក្រុមសហជីពធំៗបានស្នើឱ្យតុលាការ ផ្តន្ទាទោស លោក ជា មុនី ទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួនមួយលានដុល្លារសហរដ្ឋអាមេរិក។
ការដាក់ពាក្យបណ្តឹងនេះ បានធ្វើឡើងបន្ទាប់ពីលោក ជា មុនី លើកឡើងដោយស្នើ ទៅសហភាពអឺរ៉ុប ឱ្យដាក់ ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។ លោក ជា មុនី បានបង្ហាញការរំពឹងតាមរយៈវិទ្យុបរទេសមួយថា បើសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មនេះរាជរដ្ឋាភិបាលកម្ពុជានឹងរងគ្រោះ ហើយងាកមករកផ្លូវចរចា បញ្ចប់វិបត្តិនយោបាយជាមួយគណបក្សប្រឆាំង។
ក្រុមសហជីពធំៗ តំណាងឱ្យកម្មកររាប់សែននាក់ នៅក្នុងប្រទេសកម្ពុជាបានបញ្ជាក់ថា ក្នុងករណីដែលសហគមន៍អឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ចមែននោះ ផលវិបាកធ្ងន់ធ្ងរ នឹងធ្លាក់ទៅលើកម្មករ រាប់លាននាក់និងបាត់បង់ការងារធ្វើ។ ក្នុងនោះផលប៉ះពាល់ដោយផ្ទាល់ដល់កម្មករ១,២លាននាក់ និងផលប៉ះពាល់ ដោយប្រយោលចំពោះកម្មករ ៣លាននាក់ផងដែរ។
អង្គហេតុនៃពាក្យបណ្តឹង របស់ក្រុមសហជីពបានបញ្ជាក់ដូចតទៅ៖