(តាកែវ)៖ ដោយសារតែតម្រូវការយ៉ាងចាំបាច់ សម្រាប់ការសិក្សារបស់សិស្ស ដែលមានកំណើនកាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ និងអគារសិក្សាកាន់តែចាស់ទ្រុធទ្រោមនោះ គណៈកម្មការទ្រទ្រង់សាលា លោកនាយក នាយករង លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្ស នៃវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ស្លារម បានមូលមតិគ្នាជាឯកច្ឆន្ធ ផ្តើមធ្វើបុណ្យផ្កាមួយ ដើម្បីប្រមូលថវិកាមកកសាងអគារសិក្សាមួយខ្នង មាន២បន្ទប់ នៅក្នុងវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនស្លារម ដែលស្ថិតនៅក្នុងភូមិត្រពាំងទ្រា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
លោក មាន សារិន គ្រូម្នាក់បង្រៀននៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ស្លារម បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែន ស្លារម កំពុងជួបការខ្វះខាតបន្ទប់សិក្សា សម្រាប់ឲ្យសិស្សានុសិស្សសិក្សារៀនសូត្រ។ ដោយសព្វថ្ងៃ លោកនាយកសាលា បានខ្ចីបន្ទប់សិក្សាពីបឋមសិក្សាចំនួន២បន្ទប់ជារៀងរាល់ឆ្នាំ ។ ដោយយល់ឃើញថា អត្រាកំណើននៃចំនួនសិស្សដែលបានចូលរៀន ចេះតែកើនឡើងជារៀងរាល់ឆ្នាំ និងកំពុងខ្វះខាតអគារសិក្សាផងនោះ គណៈកម្មការទ្រទ្រង់សាលា បានសហការជាមួយសប្បុរសនៅក្នុងស្រុក បានផ្តើមធ្វើបុណ្យផ្កានេះឡើង។
លោកថា បើតាមគណៈកម្មការទ្រទ្រង់សាលា បានវាយតម្លៃថា អគារសិក្សាថ្មីដែលគ្រោងនឹងសាងសង់នេះ ត្រូវចំណាយថវិកាសាងសង់អស់១៧០០០ដុល្លារ ដែលមានចំនួន២បន្ទប់ប៉ុណ្ណោះ។ ប្រសិនបើថវិកាដែលប្រមូលមកហើយមានការលើសចំនួន គណៈកម្មការទ្រទ្រង់សាលា និងលោកនាយក នឹងយកថវិកានោះមកជួសជុលអគារចាស់ៗ និងទិញសម្ភារៈផ្សេងៗសម្រាប់ការប្រើប្រាស់នៅក្នុងសាលា។
លោកគ្រូបន្ថែមទៀតថា បុណ្យផ្កាប្រមូលបច្ច័យសាងសង់សាលានេះ ប្រារព្ធឡើងនៅថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ។
ក្នុងតាងនាម គណៈកម្មការទ្រទ្រង់សាលា លោកនាយក នាយករង លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្ស នៃវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ស្លារម លោកគ្រូ មាន សារិន សូមនិមន្ត យាង និងគោរពអញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម អ្នកឧញ៉ា លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ពុទ្ធបរិស័ទ្ធ ញាតិមិត្តជិតឆ្ងាយ ព្រមទាំអតីតសិស្សទាំងអស់នៃវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែនស្លារម មេត្តាចូលរួមចាប់កុសលជាថវិកាតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។
សប្បុរសជនអាចទំនាក់ទំនងដោយផ្ទាល់ទៅកាន់គណៈកម្មការទ្រទ្រង់សាលា៖ ០១២ ៦៤១ ៨១០, លោកនាយកសាលា៖ ០១២ ៤៥២ ០២៣ និងលោកគ្រូ មាន សារិន៖ ០១៦ ៩៦២ ៦២៥៕