(ស្ទឹងត្រែង)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការបង្ក្រាប ក្រុមជួញដូរឈើប្រណិត និងគ្រឿងញៀន ដែលមានជនជាតិឡាវ ០៣នាក់ និងខ្មែរចំនួន០៨នាក់ នៅចំណុចបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ចន្លោះបង្គោលលេខ០៥៦ និង០៥៧ ក្នុងមូលដ្ឋានស្រុកសៀមប៉ាង។
មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើង នៅយប់ថ្ងៃទី០៦ ខែមករា ដោយកម្លាំងយោធាការពារព្រំដែន វរសេនាតូចលេខ២៨៣ ចំណុះកងពលតូច១២៨ សហការមន្ត្រីការិយាល័យការពារដែនជុំរកសត្វព្រៃសៀមប៉ាង និងសៀមប៉ាងលិច។
បើតាមលោកមេបញ្ជាការរូបនេះ ក្រោយឃាត់ខ្លួនកម្លាំងសមត្ថកិច្ចចម្រុះដកហូតបាន ថ្នាំញៀនប្រភេទមេតំហ្វេតមីន០១កញ្ចប់, ប្រភេទWY ០៤គ្រាប់, ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន, អាវុធAK47 ០១ដើមគ្រាប់០៥គ្រាប់, កាំភ្លើងវ៉ាងដឺឡុងកែច្នៃ០១ដើម គ្រាប់៤១គ្រាប់, លុយ៥០០ដុល្លារ, លុយ១២,០៦២,០០០រៀល, លុយឡាវ៦៣០,០០០គីប, ទូរស័ព្ទដៃ០៨គ្រឿង។
ដោយឡែកវត្ថុតាងរក្សាទុកបណ្តោះអាសន្ន នៅកន្លែងយោធាវរសេនាតូច២៨៣ និងមន្ត្រីការិល័យការពារដែនជុំរកសត្វព្រៃសៀមប៉ាង សៀមប៉ាងលិច រួមមានរថយន្ត០១គ្រឿងម៉ាកឡង់គ្រីស៊័រ (ចាស់), ម៉ូតូ០៣គ្រឿង, គោយន្តកន្ត្រៃ០២គ្រឿង, ម៉ាស៊ីនអារឈើ០៣គ្រឿង, ឧបករណ៍ឆក់ត្រី០១គ្រឿង។
លោកមេបញ្ជាការបញ្ជាក់ថា លុះដល់ម៉ោងល្ងាចថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ លោកបានបញ្ជាឲ្យកម្លាំងជំនាញទៅទទួលយកជនសង្ស័យ និងវត្ថុតាងមកអង្គភាព តាមសំណើរបស់លោក ហួត ឈាង មេបញ្ជាការយោធភូមិភាគទី១ នៅចំណុចបន្ទាយវរសេនាតូចលេខ២៨៣ កងពលតូច១២៨។
បច្ចុប្បន្នក្នុងចំណោមជនសង្ស័យ១១នាក់នោះ មានជនជាតិឡាវចំនួន០៣ ឆ្លងដែនមករកស៊ីដោយខុសច្បាប់ លោកបានធ្វើការប្រគល់ឲ្យ ស្នងការដ្ឋាននគបាលខេត្ត ចាត់ការបន្តតាមនីតិវិធី។ ដោយឡែកជនសង្ស័យ០៨នាក់ទៀត ពាក់ព័ន្ធខាងលើការិយាល័យជំនាញរបស់អាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធី៕