(កំពង់ចាម)៖ ថ្លែងក្នុងកិច្ចប្រជុំជាមួយក្រុមការងារទាំង ១៥ឃុំ ដែលរៀបចំឡើងនៅមន្ទីរគណបក្សស្រុកព្រៃឈរ ខេត្តកំពង់ចាម លោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារនៃគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកព្រៃឈរ បានក្រើនរំលឹកដល់សមាជិក-សមាជិកាបក្ស អំពីកត្តាសាមគ្គីភាព និងឯកភាពជាតិ ដែលជាចំណុចខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរក្សាប្រជាប្រិយភាព និងដណ្តើមជោគជ័យលើគ្រប់សមរភូមិបោះឆ្នោត។
លោកប្រធានក្រុមការងារនៃគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកព្រៃឈររូប បានស្នើសមាជិក សមាជិកាទាំងអស់ ត្រូវចងចាំឲ្យបានច្បាស់នូវចំណុចនេះ ហើយមិនត្រូវប្រកាន់អ្នកចាស់ អ្នកថ្មី ប៉ុន្តែត្រូវសហការ និងជួយគ្នា ដើម្បីបុព្វហេតុ និងអត្ថប្រយោជន៍រួម។ «ពីមុនការដឹកនាំក្នុងឃុំមានយើង មានគេ ពេលនេះមានតែយើងធ្វើជាប្រធាន ដូចនេះសូមលោក លោកស្រី ខិតខំបន្ថែមទៀត ឲ្យបានល្អជាងមុន និងជម្រុះចោលអ្វីៗដែលអសកម្ម ហើយបន្តអនុវត្តន៍អ្វីដែលល្អ។ សូមធ្វើជាគំរូល្អក្នុងគ្រប់សកម្មភាពសង្គម និងកំណត់ថាប្រជាជនគឺជាម្ចាស់ ហើយយើងមានភារៈកិច្ចបម្រើប្រជាជន»។ លោក ប៉ាន សូរស័ក្តិ បានថ្លែងបញ្ជាក់ទៅកាន់សមាជិក។
ទាក់ទិនការពង្រឹងសភាពការណ៍មុនការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៤ នៅក្នុងខែកុម្ភៈ ខាងមុខលោក ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថា គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈច្រើនលើសលប់ ព្រមទាំងទទួលបានការតែងតាំងជាប្រធានក្រុមប្រឹក្សាខេត្ត ស្រុក ឃុំ ក៏ដូចជាប្រធានព្រឹទ្ធសភាផងដែរ។
«ខ្ញុំសង្ឃឹមថានឹងទទួលបាន ១០០% ដូចការគិតទៅចុះ ពីព្រោះបងប្អូនបានយល់ច្បាស់ពីអំពើក្បត់ជាតិរបស់អតីតមេដឹកនាំបក្សប្រឆាំង កឹម សុខា និងភាពត្រឹមត្រូវនៃការរំលាយគណបក្សសង្គ្រោះជាតិ ហើយបើសិនគ្មានវិធានការណ៍ផ្លូវច្បាប់ទាន់ពេលវេលា មាតុភូមិយើងនឹងធ្លាក់ចូលស្ថានភាពចលាចល អស្ថិរភាពនយោបាយ និងឈានទៅរកគ្រោះមហន្តរាយជាថ្មីម្តងទៀតជាមិនខាន»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
«ទោះជាយ៉ាងនេះក្តី សភាពការណ៍បច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជាយើងកំពុងស្ថិតក្នុងឧត្តមភាពយ៉ាងខ្លាំង ដែលជាឱកាសល្អ ដើម្បីគណបក្សបន្តពង្រឹងការដឹកនាំឲ្យកាន់តែទទួលបានលទ្ធផល ក្នុងការការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ និងការអភិវឌ្ឍ»។ លោក ប៉ាន សូរស័ក្តិ បានបន្ថែម។
ក្នុងឱកាសនោះដែរ លោកប្រធានក្រុមការងារ ក៏បានអនុញ្ញាតឲ្យប្រធានក្រុមការងារចុះជួយឃុំទាំង១៥ នៃស្រុកព្រៃឈរ ឡើងរាយការណ៍អំពីសកម្មភាព និងវឌ្ឍនភាពការងារ ព្រមទាំងបញ្ហាប្រឈមផ្សេងៗ ជាពិសសការធ្វើបច្ចុប្បន្នភាពសមាជិកបក្ស និងការចែកសៀវភៅគ្រួសារបក្ស ក៏ដូចជាសភាពការណ៍រួមក្នុងមូលដ្ឋាននីមួយៗ ដើម្បីដាក់ចេញនូវវិធានការដោះស្រាយសមស្របតាមការចាំបាច់។
គួររំលឹកដែរថា កន្លងមកក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃឈរ ដឹកនាំដោយលោក ប៉ាន សូរស័ក្តិ បានកសាងនូវសមិទ្ធផលជាច្រើនដូចជា ធ្វើការជួសជុលផ្លូវ សាងសង់ផ្ទះ ព្រះវិហារ កសាងអណ្តូងទឹក ជីកប្រឡាយ ដាក់ប្រព័ន្ធលូ ផ្តល់ស្បៀងអាហារ និងសម្ភារប្រើប្រាស់ជូនប្រជាជន ដោយមិនប្រកាន់និន្នាការនយោបាយ។ លើសពីនេះ ក្រុមការងារតែងបានធ្វើការឧបត្ថម្ភជាសម្ភារៈ និងថវិកាដល់ស្ត្រីឆ្លងទន្លេ និងគ្រួសារដែលមានសមាជិក សមាជិកាទទួលមរណភាព ក៏ដូចជាទ្រទ្រង់សកម្មភាពសង្គមផ្សេងៗ រួមមានកីឡា និងសាសនាផងដែរ៕