(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា សមាគមអតីតយុទ្ធជនយោធភូមិភាគទី៥ បានសម្រេចការងារជាច្រើនសម្រាប់ជាប្រយោជន៍ជូនដល់អតីតយុទ្ធជនកម្ពុជាក្នុងឆ្នាំ២០១៧កន្លងទៅនេះ
នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងដូច្នេះក្នុងពេលអញ្ជើញចូលរួមប្រជុំពិនិត្យវឌ្ឍនភាពការងារក្នុងឆ្នាំ២០១៧ របស់សមាគមអតីតយុទ្ធជនបណ្តាខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី៥ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះ។
ក្នងនាមសម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នាយឧត្តមសេនីយ៍ គន់ គីម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម និងដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ក្នុងសមាសភាពចម្រុះ ពិសេសមន្ត្រីសង្គមកិច្ច ជាអនុប្រធានប្រចាំការ ដែលក្នុងរយៈពេល១ឆ្នាំ២០១៧នេះ បានខិតខំសហការអនុវត្តន៍ការងារសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់។
ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងជិតស្និទ្ធជាមួយអតីតយុទ្ធជន ជាសមាជិកសមាគម ដោយបានជួយដោះស្រាយសតិអារម្មណ៍ និងទុក្ខកង្វល់របស់អតីតយុទ្ធជនតាមរយៈនៃការចលនាចូលរួមបុណ្យសព ការផ្តល់ប្រាក់មរណៈ សង្រ្គោះ ការផ្តល់ប្រាក់ធានារ៉ាប់រងសង្គម ការបង្កលទ្ធភាពផ្តល់សេវាសាធារណៈនានា បានទាន់ពេលវេលា និងគិតគូរសាងសង់ផ្ទះជូនអតីតយុទ្ធជនទ័លក្រ ដែលត្រូវការជម្រកជាចាំបាច់ ហើយបាននឹងកំពុងរិះរកវិធានការដោះស្រាយផ្តល់ដីសម្បទានសង្គមកិច្ច ជូនបងប្អូនបានអាស្រ័យផល តាមការកំណត់របស់រាជរដ្ឋាភិបាល ដែលសកម្មភាពទាំងនេះ សុទ្ធតែបានរួមចំណែកយ៉ាងសំខាន់ ដល់ការអនុវត្តន៍គោល នយោបាយជាតិ សម្រាប់អតីតយុទ្ធជនកម្ពុជា។
នាយឧត្តមសេនីយ៍ គន់ គីម បានសាទរចំពោះការយកចិត្តទុកដាក់របស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា ដែលបានខ្នះខ្នែងជំរុញឲ្យបេឡាជាតិអតីតយុទ្ធជន សហការចុះធ្វើការបើកផ្តល់ប្រាក់ធានារ៉ាប់រងសង្គម ឬ ប្រាក់ឧបត្ថម្ភមួយលើកដំបូង ជូនដល់ដៃគ្រួសារសព សមាជិក សមាគមអតីតយុទ្ធជន បានទាន់ពេលវេលា ទប់ស្កាត់បាននូវភាពអសកម្ម និងការយឺតយ៉ាវ ដែលធ្លាប់កើតមានកន្លងទៅ។
លោកអគ្គលេខាធិការ គន់ គីម ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះលោកទេសរដ្ដមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានបង្កគ្រប់លទ្ធភាព ដោះស្រាយសាច់ប្រាក់ សម្រាប់ធានាដល់ការបើកផ្តល់នេះ នៅគ្រប់រាជធានី ខេត្ត។
តាមរយៈនៃការធ្វើបច្ចុប្បន្នភាព របស់បណ្តាខេត្តក្នុងយោធភូមិភាគ៥ កន្លងទៅ សមាគមបានរកឃើញ អតីតយុទ្ធជនទ័លក្រ ដែលត្រូវការផ្ទះស្នាក់នៅសមរម្យ ៤៤៤គ្រួសារ អ្នកដែលអត់មានទាំងដីទាំងផ្ទះ រស់នៅជាមួយសាច់ញាតិ បងប្អូន ៧១០គ្រួសារ និងរស់នៅលើដីសាធារណៈ ១៨៥គ្រួសារ ដែលត្រូវការលំនៅដ្ឋាន និងដីបង្កបង្កើនផលសម្រាប់ដោះស្រាយជីវភាព។
នាយឧត្តមសេនីយ គន់ គីម បានស្នើឲ្យប្រធានគណៈកម្មាធិការសមាគមអតីត យុទ្ធជនខេត្ត ត្រូវសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត និងគណៈកម្មាធិការ ប្រើប្រាស់ និងបែងចែកដីសម្បទាន ថ្នាក់ខេត្ត ដើម្បីថែរក្សា គ្រប់គ្រង ដីបម្រុងទុកសម្រាប់គោលដៅសម្បទានសង្គមកិច្ចរបស់រដ្ឋ ដែលមានក្នុងទីតាំងខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ឲ្យបានម៉ឺងម៉ាត់ តាមការផ្ទេរ និងប្រគល់សិទ្ធិ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កន្លងទៅ។
សូមបញ្ជាក់ថា កាលពីដើមខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជូនបញ្ជីរាយនាម អតីតយុទ្ធជន និងគ្រួសារជាង ១៣,០០០នាក់ ដែលបានស្នើសុំដីសម្បទានសង្គមកិច្ច តាំងពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ ឲ្យទៅប្រធានមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីសហការផ្ទៀងផ្ទាត់ធ្វើបច្ចុប្បន្នភាពអោយច្បាស់លាស់ ហើយសរុបរាយការណ៍សុំវិធានការដោះស្រាយឲ្យបានទាន់ពេលវេលា។
តាមរបាយការណ៍របស់ឧត្តមសេនីយឯក ប៊ុន សេង ដឹងថា ក្នុងយោធភូមិភាគ៥ មានអតីតយុទ្ធជន ដែលបានស្នើសុំដីសម្បទានសង្គមកិច្ចតាំងពីឆ្នាំ២០០៩ ដល់ ឆ្នាំ២០១៣ សរុបចំនួន ២,៨៨៣គ្រួសារ លើទីតាំងខេត្តគោលដៅ៣ រួមមាន នៅខេត្តពោធិ៍សាត់ ៥៩៨ គ្រួសារ បាត់ដំបង ១,៨២១គ្រួសារ និងបន្ទាយមានជ័យ ៤៦៤គ្រួសារ។
ក្នុងឱកាសបំពេញការងារនៅខេត្តបាត់ដំបងនេះ អគ្គលេខាធិការ គន់ គីម ក៏បានឆ្លៀតអញ្ជើញទៅប្រគល់ផ្ទះ ៨ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមជូនសមាជិកសមាគមជាជនពិការក្រលំបាក ក្នុងស្រុកមោងឫស្សីចំនួន ៥គ្រួសារ និងនៅ ស្រុកសង្កែចំនួន ៣គ្រួសារ និងបានផ្តល់ជូនអ្នកចូលរួមសរុប ៨៥នាក់ក្នុងម្នាក់ៗ ទទួលបានសារុង១ និងប្រាក់ ៥០,០០០រៀល។
មកដល់ពេលនេះក្នុងទិសយោធភូមិភាគ៥ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសាងសង់ផ្ទះជូនសមាជិកសមាគមអតីតយុទ្ធជនទ័លក្រ បានចំនួន ៧៣ខ្នង (ខេត្តបន្ទាយមានជ័យ ១២ខ្នង, បាត់ដំបង ៦៦ខ្នង, ពោធិ៍សាត់ ៤ខ្នង និងខេត្តប៉ៃលិន ១ខ្នង)៕