(ភ្នំពេញ)៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងប្រាប់អង្គភាព Fresh News ថា គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះ ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជាជីវៈបានទទួលបញ្ជីកម្មការិនីសម្រាលកូនសរុបចំនួន៨១០នាក់ និងបញ្ជីទារកសរុបចំនួន៨១៨នាក់ និងបានផ្តល់ថវិកាសរុបចំនួន ៣២៧.២លានរៀល។ ដោយឡែកសម្រាប់ថ្ងៃទី៨ ខែមករានេះ គឺមានកម្មការិនី ១៣២នាក់ បានសម្រាលកូនបាន ចំនួន១៣២នាក់។

គិតចាប់ពីថ្ងៃទី១ មកដល់ថ្ងៃទី៨ ខែមករា នេះមានកម្មការិនីដែលសម្រាលបានកូនភ្លោះ២ មានចំនួន ៨នាក់។

ការឧបត្ថម្ភនេះបានបង្ហាញពីការចាប់ផ្តើមអនុវត្តកម្មវិធីបើកផ្តល់ប្រាក់ឧ​បត្ថម្ភបន្ថែមដល់កម្មករនិយោជិតជាស្រ្តី ទាំងក្នុងនិងក្រៅប្រពន្ធពេលសម្រាលកូន។

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ចេញគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល ឧបត្ដម្ភថវិកាដល់កម្មការិនី ឆ្លងទន្លេចំនួន៤០ម៉ឺនរៀល សម្រាប់អ្នកកើតបានកូនម្នាក់, ចំណែកអ្នកកើតបានកូនភ្លោះពីរនាក់ ទទួលបាន៨០ម៉ឺនរៀល និងសម្រាប់អ្នកកើតបានកូនភ្លោះបី ១,២០០,០០០រៀល ដែលគោលនយោបាយនេះ ចាប់អនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ តទៅ។ រាជរដ្ឋាភិបាល បានត្រៀមបម្រុង ចំណាយថវិកាប្រមាណ ១០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំសម្រាប់ចំណាយប្រាក់ ឧបត្ថម្ភដល់កម្មការិនីឆ្លងទន្លេ៕