(កំពង់ធំ)៖ លោក គង់ វិមាន ទីប្រឹក្សាលោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា និងក្រុមការងារ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ បាននាំយកថវិកាចំនួន ៣លានរៀល និងអាវរងារជាច្រើន ប្រគល់ជូនព្រះសង្ឃ អាចារ្យគណៈកម្មការ ប្រជាពលរដ្ឋនៅភូមិស្រែក្រសាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។
លោក គង់ វិមាន បានមានប្រសាសន៍ទៅកាន់ព្រះសង្ឃ និងប្រជាពលរដ្ឋថា ប្រទេសជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសឃុំពពក បានរស់រានមានជីវិតឡើងវិញ គឺដោយសារតែមានឥស្សរជន វីរជន យុទ្ធជន ពិសេសសម្តេចទាំង៣ ដែលបានដឹកនាំគណបក្សប្រជាជនកម្ពុជា បានបង្កើតរណសិរ្យសង្រ្គោះជាតិ ២ ធ្នូ ១៩៧៨ ងើបឡើងតស៊ូរំដោះជាតិ ប្រជាពលរដ្ឋបានរួចផុតពីរបបប្រល័យពូជសាសន៍ កាប់សម្លាប់ជនជាតិឯង បំផ្លាញគ្រប់សាសនា ហេដ្ឋរចនាសម្ព័ន្ធគ្រប់ទីកន្លែងឲ្យរលាយអស់ ទុកប្រជាពលរដ្ឋឲ្យរស់នៅក្នុងគុកឥតជញ្ជាំង រយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ បង្ខំឲ្យធ្វើការហួសកម្លាំងបង្អត់អាហារ ស្ទើគ្មានជីវិតបានរស់នៅដល់សព្វថ្ងៃផង។
លោកបានបញ្ជាក់ថា មានជនមួយចំនួនសាច់ញាតិបានស្លាប់ក្នុងរបបនេះដែរ តែមិនព្រមទទួលស្គាល់ ៧ មករា ជាទិវាជាតិរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូលឡើយ ដោយសារតែពួកគេបាននាំគ្នាបំភ្លេចថ្ងៃ ៧ មករា មិនតែប៉ុណ្ណោះថែមទាំងមិនទទួលស្គាល់ការកសាង និងការអភិវឌ្ឍសមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាល ដែលមានគណបក្សប្រជាជនកម្ពុជាដឹកនាំ ពិសេសមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រមុខផង។
ទោះជាយ៉ាងណា ជនអគតិទាំងនោះមិនទទួលស្គាល់ គឺជាសិទ្ធរបស់គេ តែប្រជាពលរដ្ឋទូទាំងប្រទេសនៅចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ នូវថ្ងៃ៧ មករានេះ ជាអមតៈ ហើយសម្រាប់វត្តស្រែក្រសាំងនេះ លោកបានដឹកនាំកសាងអស់ពេលជាង១០ឆ្នាំ មកហើយតែមិនទាន់រួចរាល់ នៅឡើយទេព្រោះតំបន់នេះជាតំបន់ចុងកាត់មាត់ញក។
លោក និងក្រុមការងារបានប្រគល់ថវិកា ៣លានរៀល ដល់ព្រះសង្ឃសម្រាប់ក៏សាងព្រះវិហារបន្ត និងជូនអាវរងារដល់ប្រជាពលរដ្ឋដែលបានចូលរួមប្រមាណជាង ៣០០នាក់ផងដែរ។
ក្នុងនោះដែរ ប្រជាពលរដ្ឋបានអំពាវនាវដល់សប្បុរសជន មេត្តាជួយកសាងព្រះវិហារវត្តស្រែក្រសាំងនេះឲ្យបានឆាប់ហើយ ព្រោះព្រះវិហារនេះ បានកសាងជាយូរណាស់មកហើយ៕