(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨នេះ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងលោក ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណ:ប្រតិភូខេត្ត តំណាងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ ចូលរួមពិធីគោរពវិញ្ញាណក្ខ័ន្ធមហាឧបាសក គង់ ខាត់ ត្រូវជាបិតាក្មេក សម្តេចវិបុលមហាសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅគេហដ្ឋានលេខ១៦ ផ្លូវលេខ២២២ ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមជម្រាបថា ឧបាសក គង់ ខាត់ ដែលជាបិតាក្មេករបស់សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានទទួលមរណភាព នៅវេលាម៉ោង៥៖៣៦នាទី ទៀបភ្លឺ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨នេះ ក្នុងជន្មាយុ១០១ឆ្នាំ។ ឧបាសក គត់ ខាត់ ត្រូវជាឪពុកបង្កើតរបស់ លោកស្រី អ៊ូ ស៊ាន ភរិយាសម្តេចសាយឈុំ ហើយការទទួល មរណភាពនេះ ដោយសារជរាពាធ។
សពរបស់មហាឧបាសក គង់ ខាត់ តម្កល់នៅគេហដ្ឋានលេខ១៦ ផ្លូវលេខ២២២ ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីដង្ហែសពនឹងប្រព្រឹតទៅនៅព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧៖០០ព្រឹក ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរី-ជើងឆ្នុក ស្ថិតនៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម៕