(ភ្នំពេញ)៖ របាយការណ៍ចុងក្រោយរបស់ អគ្គស្នងការនគរបាលជាតិ បានបង្ហាញថា កម្ពុជាមានមន្ត្រីនគរបាលជាតិ ជិត៦ម៉ឺននាក់ នៅទូទាំងប្រទេស គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៧។ នេះបើយោងតាមរបាយការណ៍ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០១៧ និងទិសដៅការងារអនុវត្តប្រចាំខែមករាឆ្នាំ២០១៨ របស់អគ្គស្នងការនគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨នេះ។
របាយការណ៍បានបញ្ជាក់ឲ្យដឹងថា ក្របខណ្ឌទូទាំងប្រទេសក្នុងខែធ្នូ ឆ្នាំ២០១៧ សរុបមានចំនួន ៥៨,១៩៨នាក់ (ស្រី៤,០៨០នាក់) ក្នុងនោះ៖ នៅនាយកដ្ឋាន-អង្គភាព ចំនួន ១៧,៨៩៧នាក់ (ស្រី ១,៣៦០នាក់) និងនៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចំនួន ៤០,៣០១នាក់ (ស្រី ២,៧២០នាក់)។
របាយការណ៍ ក៏បានបង្ហាញទៀតថា នៅក្នុងខែធ្នូ កន្លងទៅនេះ មានមន្ត្រីនគរបាលបានផ្ទេរចូលក្របខណ្ឌពីក្រសួង-ស្ថាប័នខាងក្រៅ ចំនួន៩នាក់ និងបានផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងដំឡើងឋានន្តរសក្តិមន្ត្រីនគរបាលជាតិសរុប ២,៨៧៦នាក់ (ស្រី ១៣៦នាក់) ក្នុងនោះ នាយកដ្ឋាន-អង្គភាព ៥០៧នាក់ (ស្រី២២នាក់) និងរាជធានី-ខេត្ត២,៣៦៩នាក់ (ស្រី១១៤នាក់)។
ក្នុងខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ ក៏មានផងដែរនូវមន្ត្រីនគរបាលជាតិចូលនិវត្តន៍ ១២៣នាក់ (នាយកដ្ឋាន-អង្គភាព ២៨នាក់ រាជធានីខេត្ត ៩៥នាក់) មន្ត្រីមរណៈភាព ៤៧នាក់ ពលី៤នាក់ ផ្ទេរទៅស្ថាប័នខាងក្រៅ ២នាក់ បណ្តេញចេញ៣នាក់ (អវត្តមាន ២នាក់ ល្មើសវិន័យ ១នាក់) និងសុំលាឈប់១នាក់៕