(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះ បានប្រកាសចាប់ផ្តើមបើកកម្មវិធីប្រកួតប្រជែង រូបថតតាមប្រព័ន្ធអនឡាញ Instagram ដើម្បីបង្ហាញពីវឌ្ឍនភាព នៃការអភិវឌ្ឍដែលសម្រេចបាន ក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) និងបង្ហាញពីការលើកកំពស់ ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មថ្នាក់តំបន់។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារ ADB ដែលបណ្ដាលសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា កម្មវិធីប្រកួតប្រជែងរូបថត តាមប្រព័ន្ធអនឡាញនេះ នឹងធ្វើឡើងដោយប្រើ hashtag#GMS25 ជាផ្នែកមួយ នៃការអបអរសាទរខួបលើកទី ២៥ នៃការបង្កើតកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ។ ប្រទេសជាសមាជិក នៃមហាអនុតំបន់ ទន្លេមេគង្គ រួមមាន៖ កម្ពុជា ចិន (ជាពិសេស ខេត្តយូណាន និងតំបន់ស្វ័យយ័តហ្គ័ងស៊ីហ្ស័ង) ឡាវ មីយ៉ានម៉ា ថៃ និងវៀតណាម។
លោក Cuong Minh Nguyen ប្រធានក្រុមអ្នកឯកទេស ផ្នែកកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងជាប្រធានកម្មវិធី GMS របស់ ADB បានថ្លែងថា «ខណៈពេលដែលយើង អបអរសាទ ខួបលើកទី ២៥ នៃការបង្កើតកម្មវិធី GMS នេះ យើងមានបំណងធ្វើការបូកសរុបសមិទ្ធផលដែលសម្រេចបាន ចេញពីកិច្ចសហ-ប្រតិបត្តិការថ្នាក់តំបន់ និងបង្ហាញឲ្យឃើញច្បាស់ពីរបៀប ដែលកិច្ចសហប្រតិបត្តិការបែបនេះ អាចនាំឲ្យមានការផ្លាស់ប្តូរជីវភាព របស់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ ឲ្យកាន់តែប្រសើរជាងមុន។ យើងសង្ឃឹមថាកម្មវិធីប្រកួត ប្រជែងរូបថតនេះ នឹងបង្ហាញឲ្យឃើញ ពីសមិទ្ធផលទាំងនេះ ក៏ដូចជាលើកទឹកចិត្ត ឲ្យមានការធ្វើការងារបន្ថែមទៀត នៅក្នុងមហាអនុតំបន់ទន្លេមេគង្គនេះ»។
កម្មវិធីប្រកួតប្រជែងនេះ បើកចំហសម្រាប់អ្នកថតរូប មិនមែនអាជីពទាំងអស់ ដោយមិនគិតពីអាយុ មកពីប្រទេសជាសមាជិករបស់ ADB។ រូបថតត្រូវតែជារូបថតដើម និងជារូបថតដែល ថតដោយខ្លួនឯងផ្ទាល់ ពុំដែលធ្លាប់ត្រូវបានបោះពុម្ពផ្សាយ ហើយត្រូវបង្ហាញពីជីវិត រស់នៅប្រចាំថ្ងៃ ក្នុងមហាអនុតំបន់ទន្លេមេគង្គព្រមទាំង បង្ហាញពីការផ្លាស់ប្តូរ ពីបែបផែននៃការរស់នៅ ក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ។ បេក្ខជនដែលចូលរួម ក្នុងកម្មវីធីប្រកួតប្រជែងនេះ អាចផ្ញើរូបថតចំនួនប៉ុន្មានក៏បានដែរ។
ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះ សូមបង្ហោះរូបថតលើកគណនី Instagram របស់អ្នកដោយប្រើប្រាស់ hashtag#GMS25 និង tag@ADB_HQ។ ការបង្ហោះរូបថតអាចធ្វើ ឡើងពេលណាក៏បាន នៅចន្លោះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។ ការប្រកាសជ័យលាភីនឹងធ្វើឡើង នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។
ជ័យលាភីទី១ នឹងទទួលបានទឹកប្រាក់៥០០ដុល្លារ ជ័យលាភីទី២ នឹងទទួលបានទឹកប្រាក់២០០ដុល្លារ ហើយជ័យលាភីទី៣ នឹងទទួលបានទឹកប្រាក់ ១០០ ដុល្លារ។ ការកាត់សេចក្តីរក ជ័យលាភី នឹងធ្វើឡើងដោយផ្អែកទៅតាមអត្ថន័យរបស់រូបថត និងចំនួននៃការចូលចិត្ត (likes) ក្នុង Instagram។
ដើម្បីស្វែងយល់ពីគោលការណ៍ដែលប្រើប្រាស់សម្រាប់ការប្រកួតប្រជែងនេះ ព្រមទាំងរង្វាន់ និងព័ត៌មានបន្ថែម អំពីការប្រកួតប្រជែងនេះ សូមចូលទៅមើល: https://www.facebook.com/notes/asian-development-bank-adb/gms25-photo-competition/ 10155195839405963/៕
ព័ត៌មានលម្អិត សូមអាននៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារ ADB ដែលមានខ្លឹមសារទាំងស្រុង៖