(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយមន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ និងយុវជន នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះ បាននាំយកអំណោយទៅចែកជូន ប្រជាពលរដ្ឋក្រីក្រ ចំនួន៣០គ្រួសារ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក នុត ពុធដារ៉ា បានលើកឡើងអំពីការអភិវឌ្ឍន៍ រីកចម្រើនក្រោមដំបូលសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិ រីកចម្រើនឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ។
លោកបានផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរ តែងយកចិត្តទុកដាក់ដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ដែលជាជនក្រីក្រ ជនងាយរងគ្រោះ កុមារកំព្រា នៅក្នុងមូលដ្ឋាន និងបានណែនាំ ដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក ដោយមិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់អាហារឡើយ។
ជាមួយគ្នានោះ លោកអភិបាល ក៏បានធ្វើការណែនាំ ដល់បងប្អូនទាំងអស់ ឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ឲ្យបានល្អប្រសើរ តាមរយៈការហាត់ប្រាណ អនាម័យសុខភាព ហូបស្អាត ផឹកស្អាត ដើម្បីបន្តរស់នៅយូរអង្វែង រងចាំមើលការអភិវឌ្ឍរីកចម្រើនទៅមុខទៀត របស់ប្រទេសជាតិ។
សូមជម្រាបថា អំណោយ ដែលត្រូវចែកជូនរួមមាន៖ អង្ករ២០គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់៨មុខផ្សេងទៀត រួមជាមួយថវិកា៣ម៉ឺនរៀល៕