(ប៉ៃលិន)៖ ថ្លែងនៅក្នុងជំនួបសម្តែងការគួរសមមួយលោក កើត សុធា អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨នេះ លោកវេជ្ជបណ្ឌិត សុំឆាយ ភូណាវ៉ាគុល ប្រធានមន្ទីពេទ្យបាងកក ខេត្តចាន់ថាក់បុរី បានលើកឡើងថា មន្ទីរពេទ្យបាងកក ខេត្តចាន់បូរី ប្រទេសថៃ មានបំណង បង្កើនកិច្ចសហប្រតិ្តបត្តិការ ទំនាក់ទំនងរវាងមន្ទីពេទ្យបាងកក និងវិស័យសុខាភិបាលក្នុងខេត្តប៉ៃលិន ឲ្យបានល្អប្រសើរ ដើម្បីងាយស្រួល ធ្វើការងារក្នុងវិស័យសុខាភិបាលជាមួយគ្នា ជាពិសេសការព្យាបាលថែទាំជំងឺផ្សេងៗ ចំពោះប្រជាពលរដ្ឋខេត្តប៉ៃលិន និងខេត្តដទៃទៀត ដែលបានទៅព្យាបាលនៅមន្ទីពេទ្យបាងកក ដែលមានទីតាំងស្ថិននៅខេត្តចាន់បូរី ប្រទេសថៃ។
នៅក្នុងឱកាសនោះលោកក៏បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំខេត្តប៉ៃលិន ដែលន្លងមកបានយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក និងមានទំនាក់ទំនងល្អ រវាងថ្នាក់ដឹកនាំ ខេត្តចាន់បុរី ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរ បានឆ្លងព្រំដែនចូលទៅព្យាបាលជំងឺទាន់ពេលវេលា និងឆាប់ជាសះស្បើយ។
លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ស្វាគមន៍ និងគាំទ្រចំពោះលោកវេជ្ជបណ្ឌិត សុំឆាយ ភូណាវ៉ាគុល ដែលមានបំណង ចង់ធ្វើកិច្ចសហប្រត្តិបត្តិការណ៍រវាងមន្ទីពេទ្យបាងកក និងវិស័យសុខាភិបាលក្នុងខេត្តប៉ៃលិន ដែលនេះជាទំនាក់ទំនងដ៏ល្អមួយដែលបង្កភាពងាយ ស្រួលដល់ប្រជាពលរដ្ឋខេត្តប៉ៃលិន ជាពិសេសបង្កើនភាពជិតស្និត និងផ្លាស់ប្តូរបទពិសោធន៍គ្នា ទៅវិញទៅមកព្រមទាំងសហការធ្វើការបញ្ជូន អ្នកជំងឺឲ្យបានលឿនតាមសភាពជំងឺជាក់ស្តែង ដើម្បីធ្វើការព្យាបាលបានឆាប់រហ័ស និងទាន់ពេលវេលា។
សូមបញ្ចាក់ថា កន្លងមកប្រជាពលរដ្ឋខេត្តប៉ៃលិន មួយចំនួនដែលមានធនធាន តែងតែនិយមឆ្លងដែនទៅពិនិត្យ និងព្យាបាលជំងឺនៅប្រទេសថៃ ជាពិសេសមន្ទីរពេទ្យនៅក្នុងខេត្តចាន់បុរី តែម្តង៕