(ភ្នំពេញ)៖ ប្រឡងប្រកួតប្រជែង គម្រោងយុវជនអភិវឌ្ឍន៍សហគមន៍ ក្រោមប្រធានបទ «យុវជន និងមោទនភាពជាតិ» វគ្គផ្តាច់ព្រ័ត្រ រៀបចំដោយ ក្រុមហ៊ុន អ៊ិន វី ស៊ី ខបភើរេសិន វីតាល់ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ ក្រោមវត្តមានលោកស្រី ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកឧកញ៉ា ឡាវ វ៉ាន់ នាយកប្រតិបតិ្ត លោកស្រី ជឹង សុគន្ធាវី អគ្គនាយការ នៃក្រុមហ៊ុន វីតាល់ ។
លោកស្រី ឃុន រចនា បានថ្លែងក្នុងកម្មវិធីនោះថា តួលេខបង្ហាញថា មានយុវជនដែលមានចន្លោះពី១៥ ទៅ៣០ឆ្នាំ មានរហូតដល់ទៅ៦៥% នៃប្រជាជនសរុបរបស់ប្រទេសកម្ពុជា ដែលមានចំនួន១៥លាននាក់។
លោកស្រីបន្តថា «តាមរយៈកម្លាំងយុវជនដ៏រឹងមាំ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកយុវជន ជាគន្លឹះ និងជាវត្ថុដ៏មាន តម្លៃបំផុតសម្រាប់ការចូលរួម អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមវប្បធម៌ និងការថែរក្សាបច្ចុប្បន្នភាព នៅពេលបច្ចុប្បន្ន និងពេលអនាគត ជាពិសេសធនធានយុវជននេះនឹងធ្វើឲ្យសម្រេច នូវចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល ដែលថាក្នុងឆ្នាំ២០៣០ប្រទេសកម្ពុជា នឹងក្លាយជាប្រទេស ដែលមានចំណូលមធ្យមកំរិតខ្ពស់ ហើយក្នុងឆ្នាំ២០៥០ ប្រទេសកម្ពុជា នឹងក្លាយទៅជាប្រទេសអភិវឌ្ឍន៍»។
ទន្ទឹមគ្នានោះដែរ លោកស្រី ជឹង សុគន្ធាវី លើកឡើងថា កម្មវិធីបង្កើតឡើងក្នុងគោលបំណងលើកទឹកចិត្ត និងផ្តល់ឱកាសល្អមួយសម្រាប់ យុវជនជំនាន់ថ្មី ដែលមានឆន្ទៈនិងគំនិតច្នៃប្រឌិតល្អៗ ដែលប្រើប្រាស់គំនិត ទាំងនោះ មកច្នៃទៅជាគម្រោងអភិវឌ្ឍន៍កិច្ចការសហគមន៍។ ជាក់ស្តែងកម្មវិធីគម្រោង យុវជនអភិវឌ្ឍន៍សហគមន៍នេះ បានឆ្លងកាត់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចមក ហើយក្នុងកំឡុងដើមខែធ្នូ ឆ្នាំ២០១៧។
លោកស្រីថា មុននឹងឈានមកដល់កម្មវិធីវគ្គផ្តាច់ព្រ័ត្រ ក្រុមការងារបានផ្សព្វផ្សាយ តាមសាកលវិទ្យាល័យជាតិជាង៣០កន្លែង នឹងបានធ្វើសិក្ខាសាលាណែនាំអំពីកម្មវិធី ចំនួន១០សាកលវិទ្យាល័យទាំង រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាប។
លោកឧកញ៉ា ឡាវ វ៉ាន់ បានបញ្ជាក់ថា ក្រុមហ៊ុនចង់ ឃើញគម្រោងទាំងអស់នេះ កើតឡើងដោយពិតប្រាកដ ហើយចុងក្រោយ ចង់ឃើញ ពីលទ្ធផល ហើយលទ្ធផលទាំងអស់នោះ យុវជនទាំងអស់ពិនិត្យឲ្យបានម៉ត់ចត់ ថាតើបើវាជោគជ័យ បណ្តាលមកពីកត្តាអ្វី តែបើបរាជ័យវិញត្រូវរកឲ្យឃើញ។
លោកឧកញ៉ា សង្ឃឹមថា ថ្ងៃក្រោយយុវជននឹងអាចបន្តជាមួយក្រុមហ៊ុន នាពេលខាងមុខទៀត នៅពេលដែលវីតាល់ មានគម្រោងថ្មីៗតទៅមុខទៀត ហើយបច្ចុប្បន្នកម្ពុជា ធនធានមនុស្ស ដែលជាយុវជនមានសមត្ថភាមានច្រើនអាចជួយសង្គម ហើយសកម្មភាពនេះ ជាឱកាសមួយ សម្រាប់វីតាល់ ដែលអាចទាញយកយុវជន ឲ្យមកសហការគ្នា ដើម្បីធ្វើយ៉ាងណាឲ្យប្រទេស ជាតិកាន់តែរីកចម្រើន តាមរយៈការចូលរួមទាំងអស់គ្នាកសាងប្រទេសជាតិ៕