(ភ្នំពេញ)៖ គម្រោងស្ថាបនាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ត្រូវបានបង្ហាញឡើងតាំងពីខែតុលា ឆ្នាំ២០១៦មកម៉្លេះ ក្នុងដំណើរទស្សនាកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីចិន លោក ស៉ីជិន ពីននៅកម្ពុជា ដែលនោះលោក ស៉ីជិន ពីង និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើជាសហអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សម្បទានសម្រាប់ការអភិវឌ្ឍព្រលានយន្តហោះថ្មីមួយនេះ។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង នឹងដឹកនាំគណៈប្រតិភូមកបំពេញ ទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ដោយក្នុងដំណើរទស្សនកិច្ចនោះ លោកនាយករដ្ឋមន្ត្រីចិន នឹងចូលគាល់ថ្វាយព្រះមហាក្សត្រកម្ពុជា។ លើសពីនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នឹងធ្វើជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខា លើឯកសារមួយចំនួន ក្នុងនោះមានការចុះហត្ថលេខាលើគម្រោងប្លង់ស្ថាបត្យកម្ម អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរផងដែរ។
នៅពេលនេះ បណ្តាញព័ត៌មាន Fresh News សូមលើកយកនូវ ជម្រើសគម្រោងប្លង់ស្ថាបត្យកម្មចំនួន៤ ដែលរាជរដ្ឋាភិបាលនឹងសម្រេចជ្រើសរើសយកតែមួយប៉ុណ្ណោះ ដើម្បីចុះហត្ថលេខា ក្នុងពិធីខាងលើ។ ជម្រើសគម្រោងប្លង់នេះ Fresh News ទទួលបានពីទីស្តីការគណៈរដ្ឋមន្ត្រី។
សូមជម្រាបថា ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរថ្មីនេះ ត្រូវបានគេអះអាងថា គ្រោងវិនិយោគនូវទឹកប្រាក់ ៩០០លានដុល្លារអាមេរិក ដែលមានកុងត្រារយៈពេល៥៥ឆ្នាំ។ ព្រលានយន្តហោះគ្រោងសាងសង់នៅ ស្រុកសូតនិគម លើផ្ទៃដី៧០០ហិកតា ដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ពីក្រុងសៀមរាប ដែលគ្រោងនឹងត្រូវបើកការសាងសង់ នៅឆ្នាំ២០១៨នេះ។
ក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគ ព្រលានយន្ដហោះអន្ដរជាតិសៀមរាបថ្មី គឺក្រុមហ៊ុន YUNAN DEVELOPMENT GROUP ដោយការសាងសង់ត្រូវបានចែកចេញជាពីរដំណាក់កាល ដែលគ្រោងនឹងចំណាយពេលសាងសង់ ដោយចំណាយពី៣ឆ្នាំទៅ៥ឆ្នាំ៕