(ភ្នំពេញ)៖ រដ្ឋាភិបាលចិន បានសម្រេចផ្ដល់ជំនួយជាថវិកា និងឧបករណ៍ពិសោធន៍នានាតម្លៃសរុបជាង ១លានដុល្លារអាមេរិក សម្រាប់វិភាគគុណភាពទឹក និងបរិស្ថាននៅកម្ពុជា ជាពិសេសបង្កើនសមត្ថភាពមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន។
ការសម្រេចផ្ដល់ជំនួយនេះ បានធ្វើឡើងក្នុងកិច្ចជួបសំណេះសំណាល រវាងលោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ តំណាងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយក្រុមជំនាញការចិនចំនួន៥រូប នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងបរិស្ថាន។
ក្រុមជំនាញការចិននេះ ដឹកនាំដោយលោកសាស្រ្តចារ្យ បណ្ឌិត Wang Dongsheg នាយករង វិទ្យាស្ថានស្រាវជ្រាវ ការពារសារធាតុគីមី និងក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ វិទ្យាសាស្រ្ត អេកូស៊ីបរិស្ថាន (RCEES) នៃរាជបណ្ឌិតសភាវិទ្យាសាស្រ្តយោធា ចិន(CAS) និងក្រុមការងារក្រសួងបរិស្ថាន មកពីនាយកដ្ឋាន គ្រប់គ្រងគុណភាពទឹក នាយកដ្ឋានគ្រប់គ្រងសារធាតុ គ្រោះថ្នាក់ និង មន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន។
ក្នុងនាមរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានថ្លែងនូវការកោតសរសើរ និងអរគុណដល់ការឆ្លើយតបជាវិជ្ជមានរបស់រាជបណ្ឌិតសភាវិទ្យាសាស្រ្តយោធាចិន ដែលបានផ្តល់ជាជំនួយបច្ចេកទេស និងថវិកាក្នុងនោះរួមមាន ឧបករណ៍ពិសោធន៍ ដែលមានតម្លៃប្រហែលសម្រាប់វិភាគគុណភាពទឹក និងបរិស្ថាននៅកម្ពុជា ជាពិសេសបង្កើនសមត្ថភាពមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន។
គួរបញ្ជាក់ថា នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ ក្រសួងបរិស្ថានកម្ពុជា និងរាជបណ្ឌិតសភាវិទ្យាសាស្រ្តយោធាចិន (CAS) នឹងចុះអនុស្សារណៈយោគយល់រវាងកម្ពុជា-ចិន លើកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានផ្នែកមន្ទីរពិសោធន៍ ទឹក និងបរិស្ថាន៕