(ភ្នំពេញ)៖ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ បានរៀបចំពិធីអបអរសាទរ ភាពជោគជ័យរបស់ខ្លួន ពិសេសការអភិវឌ្ឍគុណភាពបណ្តុះបណ្តាលបានកាន់តែល្អ ព្រមទាំងប្រកាសគម្រោង CUS Residence នៃក្រុមហ៊ុនCUS Land ផងដែរ។
មានមតិទៅកាន់ថ្នាក់ដឹកនាំបុគ្គលិក និងសាស្រ្តាចារ្យនៅ CUS ស្ទឹងមានជ័យ លោកបណ្ឌិត ស្តើង សុខុម សាកលវិទ្យា ធិការសាកលវិទ្យាល័យឯកទេសនៃកម្ពុជា និងជាម្ចាស់ក្រុមហ៊ុន CUS Group បានលើកឡើងអំពីសមិទ្ធិផលដែលសម្រេច បានធំៗ និង ទិសដៅអភិវឌ្ឍន៍បន្តមានជាអាទិ៍៖
១. អបអរសាទរកំណើនអត្រាចុះឈ្មោះចូលរៀនខ្ពស់ រយៈពេល ៤ឆ្នាំជាប់ៗគ្នានៅឆ្នាំ២០១៤ កើន០៩,១១% ក្នុងឆ្នាំ២០១៥ កើន១៨,០៣% ក្នុងឆ្នាំ២០១៦ កើន ៣០,២៣% និងឆ្នាំ២០១៧នេះ កើន១៥,៣១% និងអត្រានិស្សិតមានការងារធ្វើរហូត ដល់៩៦,៣៩% នាឆ្នាំសិក្សាកន្លងទៅ។
២. កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និស្សិតទាំងអស់ដែលបានរួមចំណែក ធ្វើឲ្យសា កលវិទ្យាល័យ សម្រេចបានលទ្ធផលល្អដូចថ្ងៃនេះ ពិសេសការប្តេជ្ញាចិត្តមោះមុតបន្ថែមទៀតរបស់សាស្រ្តាចារ្យ និងបុគ្គលិកទាំងអស់ សំដៅធ្វើឲ្យនិស្សិតបញ្ចប់ការសិក្សាមានសមត្ថភាពជំនាញកាន់តែខ្ពស់ លក្ខណៈសម្បត្តិល្អ អត្រាមានការងារធ្វើ និងទទួលបានបៀវត្សរ៍កាន់តែខ្ពស់។
៣. ត្រូវព្យាយាមបន្ថែមទៀតក្នុងការជំរុញនិស្សិតឲ្យយល់ច្បាស់ពីតួនាទីភារកិច្ច ការគោរពវិន័យក្នុងការសិក្សា-ស្រាវជ្រាវ ឲ្យបានជោគជ័យដើម្បីក្លាយជាអ្នកជំនាញប្រកបដោយគុណវុឌ្ឍិខ្ពស់ ព្រមទាំងមានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស និងកុំព្យូទ័រឲ្យបានល្អផងដែរ។
៤. ប្តេជ្ញាអនុវត្តឲ្យបានកាន់តែល្អថែមទៀត ចំពោះគោលការណ៍នៃការគ្រប់គ្រងគុណភាពសរុប (TQM) សកម្មភាពសរុប (TAS) ពោលគឺ «ព្រៃទាំងមូលល្អចាប់ផ្តើមពីដើមឈើមួយដើមៗ ដើមឈើមួយដើមៗល្អ នឹងធ្វើឲ្យព្រៃទាំងមូលល្អ» សំដៅធ្វើឲ្យ សម្រេចបានជោគជ័យចំពោះបេសកកម្មនៃការបណ្តុះបណ្តាលប្រកបដោយគុណភាពមានសមត្ថភាពវិជ្ជាជីវៈខ្ពស់ និងបុគ្គលិកលក្ខណសម្បត្តិល្អប្រពៃ។
ជាមួយគ្នានេះ លោកបណ្ឌិត ស្តើង សុខុម ក៏បានថ្លែងបញ្ជាក់ពីគម្រោង CUS Residence នៃក្រុមហ៊ុន CUS Land ដែលនឹង ចាប់ផ្តើមសាងសង់លំនៅដ្ឋានច្រើនប្រភេទស្ថិតនៅច្រើនទីតាំងមានសក្តានុពលក្នុងការអភិវឌ្ឍ និងចំណេញខ្ពស់ ក្នុងខណ្ឌដង្កោ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ដើម្បីលក់ជូនប្រជាពលរដ្ឋក្នុងថ្លៃសមរម្យ ប្រកបដោយបទ ដ្ឋានធានាគុណភាពត្រឹមត្រូវ។
នៅចុងបញ្ចប់លោកសាកលវិទ្យាធិការ ក៏បានថ្លែងថា «តាមពិតខ្មែរខ្លាំង ខ្មែរមិនអន់ទេ! ប៉ុន្តែអ្វីដែលខ្មែរត្រូវតែរក្សាឲ្យបាន គឺសុខសន្តិភាព មានសុខសន្តិភាព ទើបមានការអភិវឌ្ឍ។ យើងទាំងអស់គ្នា ក្រុមគ្រួសារសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ប្តេជ្ញាបណ្តុះបណ្តាលយុវជនឲ្យក្លាយជាធនធានល្អ មានចំណេះ មានជំនាញ មានបុគ្គលិកលក្ខណសម្បត្តិល្អ មានការងារល្អ ជាទង្វើរស្នេហាសង្គមជាតិ»៕