(បន្ទាយមានជ័យ)៖ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី សមាជិក អចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោកតា តាន់ ព្រឿន អតីតប្រធានគណៈកម្មាធិការបក្សឃុំចង្ហា ដែលបានទទួលមរណភាព ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលជាអ្នកភូមិផងរបងជាមួយសរុប២០០នាក់។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានប្រសាសន៍ដោយបានចាត់ទុកមរណភាពរបស់លោកតា ឧបាសកតាន់ព្រឿន គឺជាការ បាត់បង់ឪពុក ជីតា បងប្អូនប្រកបដោយព្រហ្មវិហារធម៌មួយរូប ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅឲ្យដើរតាមគន្លងធម៌ ប្រព្រឹត្តតែអំពើល្អ ចេះជួយយកអាសារបងប្អូនអ្នកជិតខាង។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានចូលបច្ច័យបុណ្យសពចំនួន១០លានរៀល និងផ្តល់ជាអំណោយជូនដល់ប្រជាពលរដ្ឋ ជាង២០០នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ និងថវិកា១ម៉ឺនរៀលផងដែរ៕