(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានដឹកនាំមន្រ្តីគាំកុងត្រូល សហការជាមួយមន្ទីពាណិជ្ជកម្ម និងគណៈកម្មាការផ្សារអូឬស្សី ខណ្ឌ៧មករា ចុះត្រួតពិនិត្យទំនិញ និងយកគំរូមួយចំនួនដូចជា បន្លែស្រស់ ផ្លែឈើស្រស់ គ្រឿងសមុទ្យ ជ្រក់គ្រប់មុខ និងគុយទាវសរសៃតូច គុយទាវសរសៃធំ មីលឿងស្រស់បញ្ជូនមករថយន្តLabo ដើម្បីរកសារធាតុគីមីហាមឃាត់។
លោក គង់ វុទ្ធី បានបញ្ជាក់ថា ប្រតិបត្តិការចុះពិនិត្យទំនិញនេះ អនុវត្តន៍ជាបន្ទាប់បន្តដោយស្ថិតក្រោមការណែនាំ របស់ប្រធានប្រតិភូរា រដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងប្រធានកាំកុងត្រូលរាជធានីភ្នំពេញ។
ការចុះពិនិត្យទំនិញខាងលើនោះលោក បានផ្សព្វផ្យាយ អប់រំ ណែនាំដល់អាជីវករ និងអ្នកប្រើប្រាស់ឲ្យយល់ដឹង អំពីសុវត្ថិភាពចំណីអាហារ។
ជាមួយគ្នានោះ លោកអនុប្រធានក៏បានណែនាំដល់ ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលមានផ្ទុកសារធាតុពុល និងម្ហូបអាហារ ហាមការដាក់តាំង ផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។
លោកបានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់ សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែម នូវសារធាតុគីមីហាត់ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់។
គួរបញ្ជាក់ថា ក្នុងការចុះអនុវត្តន៍ពិនិត្យទំនិញនៅផ្សារអូរឬស្សី គឺមន្ត្រីកាំកុងត្រូលបានដកហូតផ្កាគូឆាយចំនួន ៣,៨គីឡូក្រាម យកទៅដុតបំផ្លាញចោលក្រោយពិនិត្យមានសារធាតុគីមី ហើយមន្ត្រីកាំកុងត្រូលបានអញ្ចើញម្ចាស់ផ្កាគូឆាយ ទៅធ្វើកិច្ចសន្យា បញ្ឈប់ការដាក់លក់ទំនិញមានសារធាតុគីមី៕