(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ថា «យើងទាំងអស់គ្នាស្រឡាញ់ថ្ងៃ៧មករា ព្រោះថ្ងៃ៧មករា ជាថ្ងៃកំណើតទី២របស់យើង ដោយឡែកអ្នកដែលស្អប់ថ្ងៃ៧មករា គឹជាអ្នកដែលស្រឡាញ់របប ប្រល័យពូជសាសន៍ប៉ុលពត»។
ការថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ១០០០នាក់ នៅស្រុកជ័យសែន ក្នុងពិធីអបអរសារទខួបអនុស្សាវរីយ៍ លើកទី៣៩ ទិវាជ័យជម្នះ៧មករា។
លោក អ៊ុន ចាន់ដា បានបន្តទៀតថា ជ័យជម្នះថ្ងៃ៧មករា គ្មានជនណា ឬមជ្ឈដ្ឋានណាអាចមកបដិសេធ ឬមូលបង្កាច់ បានឡើយ ហើយបើគ្មានរដ្ឋប្រហារថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៧០ទេ ក៏គ្មានរបបប្រល័យពូជសាសន៍ ប៉ុល ពត បើគ្មានរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ក៏គ្មានថ្ងៃ៧មករាដែរ ហើយបើគ្មានជ័យជម្នះថ្ងៃ៧មករា ក៏គ្មានអ្វីៗដូច សព្វថ្ងៃនេះដែរ។ ដូច្នេះថ្ងៃ៧មករា ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា នេះជាសច្ចះធម៌ប្រវត្តិសាស្ត្រ ដែលប្រជាជនកម្ពុជាយើងទាំងជំនាន់នេះ ក៏ដូចជាជំនាន់តទៅមុខទៀត គប្បីយល់ដឹងច្បាស់លាស់ និងចងចាំជារៀងរហូត។ យើងមិនមែនត្រូវរស់ក្នុងស្រមោលអតីតកាលឡើយ ប៉ុន្តែក្នុងជំហ៊ានឆ្ពោះ ទៅរកអនាគតដ៏រុងរឿង យើងចាំបាច់ត្រូវយល់ពីប្រវត្តិសាស្ត្រឲ្យបានត្រឹមត្រូវ ត្រូវរៀនសូត្រអំពីមេរៀនជាប្រវត្តិសាស្ត្រទាំងឡាយ ដើម្បីបន្តកសាង និងការពារជាតិយើងតទៅមុខទៀត ឲ្យបានរុងរឿង ស្ថិតស្ថេរគង់វង្ស ដោយជៀសឲ្យផុតពីការកើតមានជាថ្មី នូវសោកនាដកម្ម និងគ្រោះមហន្តរាយ ដូចដែលប្រជាជាតិយើង បានឆ្លងកាត់អស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះទេ។
លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់ទៀតថា «ដូច្នេះយើងទាំងអស់គ្នា ក្នុងនាមជាខ្មែរ ត្រូវស្រឡាញ់ថ្ងៃ៧មករា ដែលជាថ្ងៃកំណើតទី២របស់យើង ដោយឡែក អ្នកដែលស្អប់ថ្ងៃ៧មករា គឺពួកគេគាំទ្ររបបប្រល័យពូជសាសន៍ប៉ុលពត»។
លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា ថ្ងៃ៧មករា ជាថ្ងៃកំណើតទី២របស់យើង ឯថ្ងៃកំណើតទី១របស់យើង គឺប្រសូត្រចេញពីផ្ទៃម្តាយ ដូច្នេះថ្ងៃនេះ ក្នុងនាមអាជ្ញាធរ ខេត្ត ដោយមានការចូលរួមពីក្រុមការងារ ចុះជួយស្រុកជ័យសែន សូមធ្វើពិធីខួបកំណើត ជូនប្រជាពលរដ្ឋយើង និងជប់លៀងហូបបាយសាមគ្គីជុំគ្នា ដូច្នេះយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសន្តិភាព ដែលមាននៅក្នុងប្រទេសឲ្យនៅគង់វង្ស ដោយគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
លោក អ៊ុន ចាន់ដា បានថ្លែងនូវការកោតសរសើរចំពោះលោក កង សៅគុណ ប្រធានក្រុមការងារខេត្ត ចុះជួយស្រុកជ័យសែន និងសហការរីដែលបានសហការ ប្រារព្ធពិធីដ៏មានអត្ថន័យនេះ ជាមួយនិងទិវាអបអរសារទរនេះ លោក អ៊ុន ចាន់ដា ក៏បានឧបត្ថម្ភថវិកា និងផ្តល់ពានរង្វាន់ដល់ក្រុមកីឡាករ និងយុវជនកាយរឹទ្ធ និងកាកបាទក្រហមកម្ពុជាផងដែរ៕