(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកគណៈអចិន្ត្រយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ធំ បានលើកឡើងថា ថ្ងៃ៧ មករា ជាថ្ងៃជ័យជំនៈដ៏ធំធេងមួយរបស់កម្ពុជា និងជាថ្ងៃដែលបានរុញច្រានកម្ពុជា ក៏ដូចជាប្រជាជន ឲ្យចាក់ចេញផុត ពីទុក្ខលំបាកវេទនាទាំងឡាយរបស់ របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលមានការជួយសង្គ្រោះពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានលះបង់កំលាំងញើសឈាមទាំងឡាយ ដើម្បីកម្ពុជា និងប្រជាជន។
លោកបានលើកឡើងទៀតថា ថ្ងៃ៧មករា ជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជា និងជាថ្ងៃដែលបាន រុញច្រានកម្ពុជាពីចំណុចសូន្យ មកក្លាយទៅជាប្រទេសដែលមានសុខសន្ដិភាព និងការអភិវឌ្ឍន៍ស្ទើរតែដូចសព្វថ្ងៃនេះ។
ថ្លែងក្នុងកម្មវិធីជួបជុំជាមួយពលរដ្ឋស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨នេះ លោក ជា ចាន់តូ បានថ្លែងថា សមិទ្ធផល ដែលទទួលបានសព្វថ្ងៃនេះ សុទ្ធតែកើតចេញពីមរតក នៃជ័យជំនះថ្ងៃ៧មករា។ តាមរយៈការបង្ក លក្ខណៈ ឲ្យយើងបានកសាង នូវសមិទ្ធផលជាច្រើនរួមមាន៖ ផ្លូវ, ស្ពាន, សាលារៀន, មន្ទីរពេទ្យ, ប្រព័ន្ធបណ្តាញ អគ្គិសនី, ទឹកស្អាត, ទូរគមនាគមន៍, ការកើនឡើងនូវរោងចក្រ សហគ្រាស, ភ្ញៀវទេសចរ, និងការបង្កើនការងារយ៉ាងច្រើន ជូនប្រជាពលរដ្ឋធ្វើថែមទៀតផងដែរ។
លោកបានបន្ដទៀតថា ទោះបីថ្ងៃនេះលើសថ្ងៃ៧ មករាមួយថ្ងៃក្ដី ក៏ប្រជាពលរដ្ឋមានទឹកចិត្តរីករាយក្នុងការរំលឹកនូវថ្ងៃជ័យជំនះ ដ៏ធំរបស់កម្ពុជាមួយនេះ ដោយប្រជាពលរដ្ឋប្រមានជិត២ពាន់នាក់បានប្រារព្ធ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា រួមទាំងគណបក្សប្រជាជនកម្ពុជា ដែលបានលះបង់កម្លាំងញើសឈាម ទាំងឡាយក្នុងការជួយសង្គ្រោះប្រជាជន និងប្រទេសកម្ពុជា។
លោក ជា ចាន់តូ បានថ្លែងឲ្យដឹងទៀតថា ការជួបជុំគ្នាប្រារព្ធមីទិ្ទញរំឭកខួបលើកទី ៣៩ នៃទិវាជ័យជំនះ៧ មករា នៅថ្ងៃនេះពិតជា មានអត្ថន័យណាស់ព្រោះជាថ្ងៃដែលឲ្យប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់រូបបានរស់រានមាន ជីវិតឡើងវិញ ពីរបបរបបប្រល័យពូជសាសន៍ ប៉ុល ពត មានន័យថាថ្ងៃ៧មករា ឆ្នាំ១៩៧៩ គឺជាទិវាជ័យជំនះប្រវត្តិសាស្រ្ដ និងជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា គ្មានបំភ្លេចបានឡើយ។
លោកបញ្ជាក់ទៀតថា ប្រសិនបើគ្មានថ្ងៃ៧ មករាទេ ក៏គ្មានជីវិតថ្មី, គ្មានសិទ្ធិ, សេរីភាព និងគ្មានការកសាងសង្គម មួយមានសុខសន្តិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ដូចសព្វថ្ងៃនេះ។ ឈរលើមូលដ្ឋាននៃជ័យជំនះថ្ងៃ៧ មករា នេះបានរុញច្រានកម្ពុជាឲ្យចេញពីចំណុចសូន្យដែលបន្សល់ទុកពីរបប៣ឆ្នាំរបស់ខ្មែរក្រហមនោះ មកកាន់កម្ពុជាមួយ មានសន្តិភាព និងការអភិវឌ្ឍន៍។
សូមរំលឹកថា ប្រទេសកម្ពុជាក្រោយការធ្វើរដ្ឋប្រហារទម្លាក់ ប្រមុខរដ្ឋសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ពីអំណាច នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដោយសេនាប្រមុខ លន់ នល់ និងព្រះអង្គ ម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ព្រមទាំងគូកនជាច្រើន នាក់ទៀត ក្រោមបង្អែករបស់សហរដ្ឋអាមេរិកនោះ បានធ្វើឲ្យកម្ពុជាធ្លាក់ខ្លួនផុងចូលក្នុងភ្លើងសង្រ្គាមជាបន្តបន្ទាប់ ប្រទេសជាតិ និងប្រជាជន ត្រូវរងទុក្ខវេទនាខ្លោចផ្សាជាទីបំផុត។ ប្រជាជន ដែលនឿយណាយនិងសង្រ្គាមរ៉ាំរ៉ៃនេះ បានរីករាយជាខ្លាំងក្រោយពេលឃើញ របបសាធារណរដ្ឋរបស់សេនាប្រមុខ លន់ នល់ ត្រូវបានវាយផ្តួលរំលំដោយក្រុម ប៉ុល ពត អៀង សារី ខៀវ សំផន និង នួន ជា នាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នករាជធានីភ្នំពេញរំពឹងថា ការរំដោះយកប្រទេសពីសេនាប្រមុខ លន់ នល់ ដោយក្រុម ខ្មែរក្រហម នឹងធ្វើឲ្យសង្រ្គាមត្រូវចប់ ប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ។ ក្តីរំពឹងត្រូវបានរលាយសាបសូន្យ ក្រោយពេលរបបថ្មី បានដាក់ចេញគោលនយោបាយ បណ្តេញប្រជាពលរដ្ឋកម្ពុជាចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជននានា ឲ្យទៅរស់នៅ និងធ្វើស្រែចម្ការនៅតាមតំបន់ភូមិភាគនានា ស្ថិតនៅស្រុកស្រែចម្ការ។ ទុក្ខវេទនារបស់ប្រជាពលរដ្ឋក្នុងរបប អាវខ្មៅ ត្រូវបានបិទបញ្ចប់ បន្ទាប់ពីកម្លាំងអ្នកស្នេហាជាតិ កម្លាំងតស៊ូរបស់យុទ្ធជនក្លាហានកម្ពុជា រួបរួមគ្នាបង្កើតរណសិរ្ស សាមគ្គីសង្រ្គោះជាតិនៅថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៨ ក្រោមការជួយគាំទ្រពីកងទ័ពវៀតណាម បើកការវាយផ្តួល និងដណ្តើមប្រទេសចេញពីកណ្តាប់ដៃរបស់ ប៉ុល ពត បានទាំងស្រុងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩៕