(បាត់ដំបង)៖ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកថ្មគោល ខេត្តបាត់ដំបង និងរដ្ឋលេខា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិយុវសម្បទា ព្រមទាំងក្រុមការងារ បាន អញ្ជើញរាប់បាតប្រគេនព្រះសង្ឃ១០១អង្គ ឧទ្ទិសកោសលជូនបុព្វការីជន យុទ្ធជន អ្នកស្នេហាជាតិ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងឱកាសអបអរសាទរ រំលឹកខួបទិវាជ័យជំនះ៧មករា លើកទី៣៩ (៧ មករា១៩៧៩-៧ មករា ២០១៨) នៅចំណុចរង្វង់មូលស្ថិតក្នុងភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល។
ពិធីនេះក៏មានការអញ្ជើញ ចូលរួមពីប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំទាំង១០ ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ក្រុមប្រឹក្សាឃុំ មន្រ្តីរាជការ កងកម្លាំង យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមជិត១ពាន់នាក់។
លោក នឹម ថូត ថ្លែងទៅកាន់ព្រះសង្ឃ និងប្រជាពលរដ្ឋថា ប្រទេសជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសនៅ ស្រុកថ្មគោលបានរស់រាន មានជីវិតឡើងវិញ គឺដោយសារតែមានឥស្សរជន វីរជន យុទ្ធជន ពិសេសសម្តេចទាំង៣ គឺគណបក្សប្រជាជនកម្ពុជា បានបង្កើតរណសិរ្ស សង្រ្គោះជាតិ២ធ្នូ ១៩៧៨ ងើបឡើងតស៊ូរំដោះជាតិ ប្រជាពលរដ្ឋ បានរួចផុតពីរបបប្រល័យ ពូជសាសន៍កាប់សម្លាប់ជន ជាតិឯង បំផ្លាញគ្រប់សាសនា ហេដ្ឋរចនាសម្ព័ន្ធគ្រប់ទីកន្លែង ឲ្យរលាយអស់ ទុកប្រជាពលរដ្ឋឲ្យរស់នៅ ក្នុងគុកឥតជញ្ជាំងរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បង្ខំឲ្យធ្វើការហួសកម្លាំង បង្អត់អាហារ ស្ទើគ្មានជីវិតបានរស់នៅដល់សព្វថ្ងៃផង។
លោក នឹម ថូត បានបញ្ជាក់ថា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធដល់បុព្វការីជន យុទ្ធជន អ្នកស្នេហាជាតិ ដែលបានបាត់បង់ជីវិតក្នុងរបបនោះ និងដើម្បីបុព្វហេតុជាតិមានតុភូមិ ថ្ងៃនេះក្រុមការងារយើង បានជួបជុំគ្នា រំលឹកអំពីការឈឺចាប់ ភាពសាហាវយង់ឃ្នងរបស់បនប្រល័យពូជសាសន៍ ទើបយើងទាំងអស់គ្នា បានរៀបចំកម្មវិធីរាប់បាតប្រគេនព្រះសង្ឃចំនួន១០១អង្គ ដើម្បីឧទ្ទិសកោសលជូនបុព្វការីជន យុទ្ធជន មានឪពុកម្តាយ ជីដូនជីតា កូនចៅសាច់ញាតិ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងឱកាសអបអរសាទររំលឹកខួប លើកទី៣៩ នៃទិវាជ័យជំនះ៧មករា ដែលជាទិវាជាតិ (១៩៧៩-២០១៨) នេះ។
លោកបានរំលឹកថា ប៉ុណ្ណឹងហើយក៏នៅមានជនអគតិដែលខ្លួន ធ្លាប់រស់នៅក្នុងរបបនោះ ហើយមានសាច់ញាតិ បានស្លាប់ក្នុងរបបនេះដែរ តែមិនព្រមទទួលស្គាល់៧មករា ជាទិវាជាតិ របស់ប្រជាពលរដ្ឋកម្ពុជាទាំងមូលឡើយ ដោយសារតែពួកគេ បាននាំគ្នាបំភ្លេចថ្ងៃ៧មករា ចោលតាមមេដឹកនាំប្រឆាំាងទាំងបិទភ្នែកទៅកើតដែរ? មិនតែប៉ុណ្ណោះថែមទាំងមិនទទួលស្គាល់ការកសាង និងការអភិវឌ្ឍន៍សមិទ្ធផលជាច្រើន របស់រាជរដ្ឋាភិបាល ដែលមានគណបក្សប្រជាជនកម្ពុជាដឹកនាំ ពិសេសមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខផង។ ទោះជាយ៉ាងណា ជនអគតិទាំងនោះមិនទទួលស្គាល់គឺជាសិទ្ធិរបស់គេ តែប្រជាពលរដ្ឋទូទាំងប្រទេស នៅចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយនៅថ្ងៃ៧មករានេះ ជាអមតៈ។
លោកបានបន្ថែមថា ដោយសារតែពួកអគតិធ្វើអំពើមិនល្អនេះហើយ បានស្តែងចេញនូវអំពើក្បត់ជាតិឃុបឃិតជាមួយបរទេស ត្រូវបានសមត្ថកិច្ចចាប់ខ្លួនមេបក្សប្រឆាំង នឹងត្រូវបានតុលាការកំពូល សម្រេចរំលាយបក្សប្រឆាំងចោល និងបិទមិនឲ្យ សកម្មជន មួយចំនួន មិនមានសិទ្ធធ្វើនយោបាយ៥ឆ្នាំទៀតផង។
បន្ទាប់ពីលោកប្រធានក្រុមការងារបានសំណេះសំណាលចប់ លោកនិងប្រតិភូអមដំណើរនិងប្រជាពលរដ្ឋបានអញ្ជើញ រាប់បាតប្រគេនព្រះ១០១អង្គ ទទួលបាននូវកុសលផល បុណ្យរៀងៗខ្លួនជាកិច្ចបង្ហើយ៕