(ភ្នំពេញ)៖ ពេញ១ខែធ្នូ ឆ្នាំ២០១៧ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបង្ក្រាបជនបរទេស ដែលប្រព្រឹត្តិបទល្មើសផ្សេងៗ ក្នុងប្រទេសកម្ពុជាចំនួន៣០ករណី មាន១០សញ្ជាតិ ឃាត់ខ្លួនមនុស្សចំនួន៦៦នាក់។ នេះបើតាមរបាយការណ៍អនុវត្តការងារប្រចាំខែធ្នូ ឆ្នាំ២០១៧ ដែលបណ្តញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
បើតាមរបាយការណ៍ ក្នុងចំណោមជនបរទេសប្រព្រឹត្តល្មើសទាំង៦៦នាក់ នគរបាលពិនិត្យរកឃើញចំនួន៤១នាក់ ដែលលួចមករស់នៅកម្ពុជា ដោយខុសច្បាប់។ ក្រៅពីការបង្ក្រាបជនបរទេសនេះ ក៏មានជនបរទេសរងគ្រោះ ដោយបទល្មើសផ្សេងៗចំនួន១៩ករណី មាន១០សញ្ជាតិ ស្លាប់ម្នាក់ និងរងរបួស៣នាក់។ ក្នុងនោះជនបរទេស រងគ្រោះដោយឧប្បទ្ទវហេតុផ្សេងៗ មានចំនួន២០ករណី មាន១១សញ្ជាតិ ស្លាប់ចំនួន១៥នាក់ និងរងរបួសចំនួន៧នាក់ (ស្រីម្នាក់)។
របាយការណ៍បានបញ្ជាក់ឲ្យដឹងទៀតថា នគរបាលជាតិក៏បានទទួលពាក្យបណ្ដឹង ពីជនបរទេសចំនួន៦៣ករណី មានចំនួន៤ខេត្ត រួមមាន៖ រាជធានីភ្នំពេញ ចំនួន៣០បណ្ដឹង, សៀមរាប២៦បណ្ដឹង, ព្រះសីហនុ៤បណ្ដឹង និងខេត្តបាត់ដំបងចំនួន៣បណ្ដឹង។ ក្នុងនោះបានដោះស្រាយពាក្យបណ្ដឹងចំនួន៤៩ករណី ចេញលិខិតបញ្ជាក់១៦ច្បាប់ សហការស្រាវជ្រាវបន្ដចំនួន៣ករណី និងរកឃើញវត្ថុនានា ប្រគល់ជូនភ្ញៀវវិញចំនួន១៣ករណី។
ជាមួយគ្នានេះ អគ្គស្នងការរដ្ឋាននគរបាលជាតិ ក៏បានរឹតបន្ដឹងច្បាប់បន្ថែមទៀត ការពាររក្សាសនិ្ដសុខដល់ជនបរទេស ដែលបានចាត់តាំងកម្លាំងល្បាត និងប្រចាំការ តាមបណ្ដាលរមណីយដ្ឋានានា កន្លែងកំសាន្ដសប្បាយ តំបន់ទីប្រជុំជន ដែលមានភ្ញៀវទេសចរច្រើន និងគោលដៅសំខាន់ៗទូទាំងរាជធានី-ខេត្ត និងបានផ្សព្វផ្សាយណែនាំ នៅតាមបណ្ដាលគោលដៅ អាជីវកម្មឲ្យចូលរួមការពារថែរក្សាទ្រព្យសម្បត្តិភ្ញៀវទេសច និងសហការជាមួយអគ្គភាពឈរជើងតាមគោលដៅ និងក្រសួងមន្ទីរពាក់ព័ន្ធ ក្នុងរាជធានី-ខេត្តឲ្យបានយ៉ាងល្អ៕